អ៊ីស្រាអែល បានធ្វើការវាយរុញថ្មីមួយនៅភាគកណ្តាលហ្កាហ្សា កាលពីថ្ងៃចន្ទ (២០ ឧសភា) ដោយបានទម្លាក់គ្រាប់បែកលើភូមិនៅភាគខាងជើងនៃតំបន់នេះ ហើយបាននិយាយថា ខ្លួនមានបំណងពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅក្រុងរ៉ាហ្វា (Rafah) បើទោះបីជាមានការព្រមានរបស់សហរដ្ឋអាមេរិក អំពីហានិភ័យនៃការស្លាប់ និងរបួសជាច្រើននៅក្នុងទីក្រុងភាគខាងត្បូងនេះក៏ដោយ។

ក្រុមគ្រូពេទ្យក្នុងតំបន់ហ្កាហ្សានិយាយថា យ៉ាងហោចណាស់មនុស្ស ២៣ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធចុងក្រោយនេះ ហើយអ្នកស្រុកបាននិយាយថាការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លានៅក្នុងជំរំ ចាបាលីយ៉ា (Jabalia) ភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។
អ្នកស្រុកបាននិយាយថា រថក្រោះអ៊ីស្រាអែល ក៏បានអនុវត្តការលុកលុយមានកំណត់ចូលទៅក្នុងតំបន់ក្បែរក្រុង ឌើ អាល់បាឡា (Deir Al-Balah) ភាគកណ្តាលហ្កាហ្សា ដែលកងកម្លាំងអ៊ីស្រាអែល មិនបានចូលវាយលុកក្នុងអំឡុងពេលសង្រ្គាមជាងប្រាំពីរខែមកនេះ។

ការប្រយុទ្ធគ្នាបានផ្ទុះឡើង នៅពេលដែលទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានធ្វើកិច្ចពិភាក្សាក្នុងប្រទេសអ៊ីស្រាអែល ដែលសេតវិមានបាននិយាយថា លោកនឹងអំពាវនាវឱ្យកងកម្លាំងអ៊ីស្រាអែល តាមប្រម៉ាញ់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា ដោយការកំណត់គោលដៅ មិនមែនដោយការវាយលុកទ្រង់ទ្រាយធំលើក្រុងរ៉ាហ្វា នោះទេ។

ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បានផ្តល់សញ្ញាថានឹងមិនមានការបន្ធូរបន្ថយក្នុងប្រតិបត្តិការរបស់ខ្លួនឡើយ ដែលមានបំណងបោសសម្អាតពួកសកម្មប្រយុទ្ធហាម៉ាស ពីក្រុងរ៉ាហ្វា និងជួយចំណាប់ថ្នូរ ដែលត្រូវចាប់ខ្លួននៅក្នុងការវាយឆ្មក់ដឹកនាំដោយក្រុមហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានសង្គ្រាមដ៏បង្ហូរឈាមនេះ៕