ប្រជាជនតំបន់ហ្កាហ្សា បាននិយាយថា ពួកគេមានកំហឹងចំពោះសំណើរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃច័ន្ទ ទី២០ ខែឧសភា ក្នុងការចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាសចំនួនបីនាក់។

ពួកគេ បានប្រែក្លាយជនរងគ្រោះទៅជាឃាតករ។ បុរសម្នាក់ រស់នៅទីក្រុង Rafah និយាយថា ប្រសិនបើមាននណាម្នាក់ចូលមកក្នុងផ្ទះរបស់ខ្ញុំ តើខ្ញុំមិនត្រូវការពារខ្លួនទេឬ?
រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោក Karim Khan បាននិយាយថា លោកបានស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu រដ្ឋមន្ត្រីការពារជាតិរបស់លោក និងមេដឹកនាំក្រុមហាម៉ាសចំនួនបីនាក់ ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាមដែលតាមការចោទប្រកាន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានចេញផ្សាយបន្ទាប់ពីសង្គ្រាមរយៈពេលជាង៧ខែ នៅតំបន់ហ្កាហ្សា ដែលលោកមានមូលដ្ឋានសមហេតុផល ដើម្បីជឿថាអ្នកទាំងប្រាំនាក់នេះ ទទួលខុសត្រូវបទព្រហ្មទណ្ឌ សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
មេដឹកនាំរបស់ក្រុមហាម៉ាស មានប្រធានក្រុម លោក Yahya Sinwar លោក Mohammed Al-Masri មេបញ្ជាការនៃស្លាបយោធារបស់ក្រុមហាម៉ាស និងលោក Ismail Haniyeh ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស។
មេដឹកនាំក្រុមហាម៉ាស ប្រឈមមុខទៅនឹងបទចោទប្រកាន់ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តដោយក្រុមហាម៉ាស រួមមានទាំងការសម្លាប់រង្គាល ការចាប់ចំណាប់ថ្នូរ ការធ្វើទារុណកម្ម ការចាប់រំលោភ និងអំពើហឹង្សាផ្លូវភេទផ្សេងៗទៀត។