ក្រុមមន្ត្រីបាននិយាយនៅក្នុងការវាយតម្លៃជាសាធារណៈលម្អិតបំផុតនៃការប្រយុទ្ធរហូតមកដល់បច្ចុប្បន្ននេះថា ទាហានអ៊ុយក្រែន នៅតែគ្រប់គ្រងប្រហែល ៦០ ភាគរយនៃភូមិ វូវឆាន់ស្ក៍ (Vovchansk) ហើយកំពុងប្រយុទ្ធយ៉ាងខ្លាំងក្លាដើម្បីការពារភូមិព្រំដែននៅតំបន់ ខាគីវ (Kharkiv) ភាគឦសានមួយនេះពីការវាយប្រហាររបស់រុស្ស៊ី។

ការដណ្ដើមយកភូមិ វូវឆាន់ស្ក៍ បាន នឹងក្លាយជាការទទួលបានដ៏សំខាន់បំផុតរបស់ទីក្រុងមូស្គូ ចាប់តាំងពីខ្លួនបានបើកសមរភូមិមុខថ្មីនៅទីតាំងភាគខាងជើងនៃតំបន់ ខាគីវ កាលពីដើមខែនេះ ដោយបានយកប្រៀបលើកងកម្លាំងរបស់ទីក្រុងគីវ ក្នុងឆ្នាំទី ៣ នៃការលុកលុយពេញលេញរបស់ខ្លួន។

អភិបាលរងតំបន់ ខាគីវ លោក រ៉ូម៉ាន សេមេនូខា (Roman Semenukha) បាននិយាយនៅក្នុងទូរទស្សន៍ជាតិកាលពីថ្ងៃចន្ទថា «ប្រហែល ៦០ ភាគរយនៃភូមិព្រំដែននេះត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន មានន័យថាការវាយប្រហារមិនបញ្ឈប់នោះទេ»។ អភិបាលតំបន់ លោក អូឡេ ស៊ីនេហ៊ូបូវ (Oleh Syniehubov) បាននិយាយថា ខ្សែរប្រយុទ្ធជួរមុខឥឡូវនេះកំពុងស្ថិតតាមដងទន្លេ វូវឆា (Vovcha) ដែលហូរកាត់តាមភូមិ។

ការវាយរុញរបស់រុស្ស៊ី នៅក្នុងតំបន់ ខាគីវ ជាមួយនឹងការវាយលុកនៅក្នុងតំបន់ភូមិ វូវឆាន់ស្ក៍ និងភូមិ លីបស៊ី (Lyptsi) បានបង្ខំឱ្យអ៊ុយក្រែនបញ្ជូនកងកម្លាំងពង្រឹង ហើយបានបន្ថែមកងទ័ពរបស់ខ្លួនតាមបណ្តោយជួរមុខជាង ១.០០០ គីឡូម៉ែត្រ នៅភាគខាងកើត និងខាងត្បូង៕