ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក មិនមានផែនការបញ្ជូនគ្រូបណ្តុះបណ្តាលយោធាទៅប្រទេសអ៊ុយក្រែនទេ ហើយទំនងជានឹងធ្វើបាន លុះត្រាតែសង្រ្គាមនៅទីនោះជាមួយរុស្ស៊ី ត្រូវបានបញ្ចប់ បន្ទាប់ពីប្រទេសបារាំង បានបើកទ្វារក្នុងការបញ្ជូនកងទ័ពទៅហ្វឹកហ្វឺនកងកម្លាំងរបស់ទីក្រុងគីវ។ .

រយៈពេលជាងពីរឆ្នាំនៅក្នុងសង្រ្គាម រុស្ស៊ីកំពុងរុលចូលទៅមុខបន្តិចម្តងៗនៅអ៊ុយក្រែនភាគខាងកើត ដោយទាញយកផលចំណេញពីការខ្វះខាតកម្លាំងពលកម្មរបស់អ៊ុយក្រែន និងការពន្យារពេលជាច្រើនខែក្នុងការផ្គត់ផ្គង់អាវុធពីលោកខាងលិច។
ចំណាត់ការនោះ បានធ្វើឲ្យមានចម្ងល់អំពីអ្វីដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាចធ្វើបាន លើសពីការបញ្ជូនអាវុធមានតម្លៃរាប់ពាន់លានដុល្លារ និងការផ្តល់ព័ត៌មានចារកម្ម និងការបណ្តុះបណ្តាលដល់កងកម្លាំងយោធាអ៊ុយក្រែនមកពីក្រៅប្រទេសនេះ។
លោកឧត្តមសេនីយ៍ Charles Q. Brown ដែលជាប្រធាននៃអគ្គសេនាធិការចម្រុះកងទ័ពសហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា៖«ឥឡូវនេះ មិនមានផែនការនាំយកគ្រូបណ្តុះបណ្តាលអាមេរិកចូលទៅប្រទេសអ៊ុយក្រែនទេ»។

លោក Brown បានបន្ថែមថា៖«នៅពេលដែលជម្លោះនេះ ត្រូវបានបញ្ចប់ ហើយយើងស្ថិតនៅក្នុងកន្លែងប្រសើរជាងមុន នោះខ្ញុំនឹងសង្ស័យថាតើយើងនឹងអាចនាំគ្រូបណ្តុះបណ្តាលចូលទៅប្រទេសនោះ ឬយ៉ាងណាទេ?»។