នាព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ម៉ារី ហេលេន ល័រហ្សង (Marie Hélène LOISON) អគ្គនាយិការងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបលោកស្រី ម៉ារី ហេលេន ល័រហ្សុង បានបញ្ជាក់អំពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងកម្ពុជា និងបានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ នេះបន្ថែមទៀត។
លោកស្រីអគ្គនាយិការងបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រព័ន្ធការពារសង្គម ការកសាងមូលធនមនុស្ស ថាមពល និងបច្ចេកវិទ្យា ដើម្បីសម្រេចគោលដៅ និងចក្ខុវិស័យ របស់កម្ពុជា។
លោកស្រីអគ្គនាយិការង ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីកម្មវិធីរបស់ទីភ្នាក់ងារ AFD នៅកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត ហិរញ្ញវត្ថុ ធនាគារ ហិរញ្ញវត្ថុបៃតង ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។ លោកស្រី អគ្គនាយិការងបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែង ក្នុងគោលដៅឈានទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ផងដែរ។
បន្ថែមលើនេះលោកស្រី អគ្គនាយិការង ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ជាពិសេសការរួមចំណែក និងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការចាកចេញពីចំណាត់ថ្នាក់ ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ តាមរយៈការធ្វើការងារយ៉ាង ជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ។
ជាការឆ្លើយតបសម្តេចធិបតី បានថ្លែងអំណរគុណដល់ទីភ្នាក់ងារ AFD ចំពោះការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការបន្តគាំទ្រ និងរួមចំណែកអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ដោយ សម្តេចធិបតី បានសម្តែងការគាំទ្រចំពោះកម្មវិធីដែលមានស្រាប់របស់ទីភ្នាក់ងារ AFD នៅកម្ពុជា។
សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើការធានាបាននូវនិរន្តភាពសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៥០៕

