
នគរបាលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានស្លាប់ និង ៨នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃចន្ទ (២០ ឧសភា) បន្ទាប់ពីរថយន្តភីកអាប់មួយគ្រឿងដែលដឹកអ្នកទាំងនោះបានរអិលចេញពីផ្លូវ ហើយធ្លាក់ចូលទៅក្នុងជ្រលងភ្នំមួយនៅរដ្ឋ ឆាតទីហ្គាស (Chhattisgarh) ភាគកណ្តាលប្រទេសឥណ្ឌា។
ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតភូមិ បាសប៉ានី (Bahpani) ក្នុងស្រុក ខាប៊ឺដហាម (Kabirdham) ប្រហែល ១៧៣គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីរបស់រដ្ឋ។ ក្រុមមន្ត្រីបាននិយាយថា រថយន្តភីកអាប់នេះ បានដឹកកម្មករចំនួន ២៥ នាក់ ត្រឡប់ទៅលំនៅឋានពួកគេវិញ បន្ទាប់ពីធ្វើការរួចនៅតំបន់ព្រៃមួយកន្លែង។
នគរបាលបានកសាងសំណុំរឿង និងបញ្ជាឱ្យស៊ើបអង្កេតលើករណីគ្រោះថ្នាក់នេះ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កម្មករទាំងនោះជាអ្នករស់នៅសហគមន៍កុលសម្ព័ន្ធ បៃហ្កា (Baiga) ដែលចូលរួមក្នុងអាជីវកម្មបង្កើតបារី រុំដោយស្លឹកឈើ។
គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យមនុស្សស្លាប់នៅក្នុងប្រទេសឥណ្ឌា ច្រើនតែបង្កឡើងដោយការផ្ទុកលើសទម្ងន់ ស្ថានភាពផ្លូវមិនល្អ និងការបើកបរមិនប្រុងប្រយ័ត្ន។ ក្រុមមន្ត្រីបាននិយាយថា មនុស្សប្រហែល ១៥០.០០០ នាក់ ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ប្រហែលកន្លះលានករណីនៅទូទាំងប្រទេសឥណ្ឌា៕