
មេដឹកនាំយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបើក «ខ្សែត្រៀមជួរមុខផ្សេងទៀត» នៅក្នុងតំបន់ខាគីវនៃប្រទេសអ៊ុយក្រែន ដែលជាទីតាំង របស់ទីក្រុងធំទី២របស់ប្រទេសនេះ។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Lloyd Austin បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ជាក្រុមការងារអន្តរជាតិដែលសម្របសម្រួលជំនួយផ្នែកការពារសម្រាប់ទីក្រុងគីវថា៖«កងកម្លាំងរបស់លោក ពូទីន បានបើករណសិរ្សមួយផ្សេងទៀត ដើម្បី ដណ្តើមយកទឹកដីអ៊ុយក្រែន ហើយពួកឈ្លានពានរបស់វិមានក្រឹមឡាំង កំពុងបំផ្លាញភូមិរបស់អ៊ុយក្រែន សម្លាប់ជនស៊ីវិលស្លូតត្រង់ និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងទំនប់ និងរោងចក្រថាមពល»។
បើទោះជារុស្ស៊ីមានការរុលចូលទៅមុខក៏ដោយ ក៏រដ្ឋមន្ត្រីការពារជាតិរូបនេះ បាននិយាយថា អាវុធរបស់អាមេរិក មិនគួរត្រូវបានប្រើប្រាស់លើសពីទឹកដីអ៊ុយក្រែនឡើយ។
លោក Austin បាននិយាយថា ៖«ការរំពឹងទុករបស់យើង គឺថា ពួកគេបន្តប្រើប្រាស់អាវុធ ដែលយើងផ្តល់ឲ្យលើគោលដៅនានា ក្នុងប្រទេសអ៊ុយក្រែន»។
លោក Can Kasapoğlu ជាសាស្ត្រាចារ្យជាន់ខ្ពស់ និងជាអ្នកជំនាញកិច្ចការនយោបាយ-យោធា នៅវិទ្យាស្ថាន Hudson បានប្រាប់សារព័ត៌មាន ABC News ថា ជំនួយយោធារបស់សហរដ្ឋអាមេរិក ៦០ពាន់លានដុល្លារផ្សេងទៀត ដែលត្រូវបានអនុម័តដោយសភា និងចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃដិន ក្នុងខែមេសា កំពុងមកដល់ ខណៈដែលអ៊ុយក្រែនប្រឈមមុខនឹងការវាយលុករបស់រុស្ស៊ីដែលអាចកំណត់ «ចរិតលក្ខណៈ»នៃសង្រ្គាមនេះបាន។