
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin បាននិយាយថា កងទ័ពរុស្ស៊ី កំពុងបង្កើនការប្រើប្រាស់យានដ្រូនរបស់អ៊ីរ៉ង់ ដើម្បីកំណត់គោលដៅតំបន់ជនស៊ីវិល។
លោក Austin បានថ្លែងនៅឯមន្ទីរបញ្ចកោណអំឡុងថ្លែងបើកកិច្ចប្រជុំលើកទី២២នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនថា៖«វិមានក្រឹមឡាំង បន្តបង្កើនការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន ដោយប្រើ យានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើគោលដៅជនស៊ីវិលបន្ថែមទៀត នៅទូទាំងទឹកដីរបស់អ៊ុយក្រែន និងដើម្បីធ្វើបាបស៊ីវិលស្លូតត្រង់ និងប្រជាជនអ៊ុយក្រែនតែម្តង។
ការវាយប្រហារនេះ កើតឡើង បន្ទាប់ពីមរណភាពរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី ( Ebrahim Raisi) និងរដ្ឋមន្ត្រីការបរទេសលោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ជនបទនៃប្រទេសនេះ ខណៈដែលពួកគេត្រឡប់មកពីកិច្ចប្រជុំ នៅព្រំដែនជាមួយប្រទេសអាស៊ែរបៃហ្សង់។
បន្ទាប់ពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន អ៊ីរ៉ង់បានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ខ្លួន ខណៈពេលដែលប្រទេសនេះ ប្រឈមមុខនឹងការថ្កោលទោស និងការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយពីលោកខាងលិច។ ប្រទេសនេះ ត្រូវបានគេចោទប្រកាន់ថា បានផ្គត់ផ្គង់រុស្ស៊ីជាមួយនឹងយានដ្រូន បំផ្ទុះ ដែលបានបំផ្លាញទីក្រុងអ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ។ លោក រ៉េស៊ី បានច្រានចោលការចោទប្រកាន់ទាំងនោះ កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ដោយអះអាងថា អ៊ីរ៉ង់មិនបានផ្គត់ផ្គង់សព្វាវុធបែបនេះ ចាប់តាំងពីការឈ្លានពាន បានចាប់ផ្តើម។