ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ AstraZeneca ដែលជាជំនួយរបស់រដ្ឋាភិបាលអង់គ្លេសនាពេលនេះ នឹងត្រូវប្រើប្រាស់សម្រាប់ធ្វើជាដូសទី៣ ឬដូសជំរុញសម្រាប់ចាក់ជូនក្រុមមន្ត្រីសុខាភិបាលជួរមុខ ដែលកំពុងប្រតិបត្តិការនៅតាមបណ្ដាខេត្តស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បែបនេះអំឡុងពេលថ្លែងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស ជាជំនួយរបស់ចក្រភពអង់គ្លេស ដែលត្រូវបានដឹកជញ្ជូនមកដល់កម្ពុជានៅរសៀលថ្ងៃនេះ។
នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី១២ ទៅ១៧ឆ្នាំកាលពីថ្ងៃអាទិត្យកន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់រួចមកហើយថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដូសទី៣សម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងចិនទាំងពីរដូសរួចរាល់ហើយនោះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា វ៉ាក់សាំង AstraZeneca នឹងត្រូវប្រើប្រាស់ធ្វើជាដូសទី៣សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ជាពិសេសចាប់ផ្ដើមចាក់ជូនក្រុមមន្ត្រីសុខាភិបាលជាមុន ដែលពួកគាត់ស្ថិតនៅជួរមុខប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងមេរោគកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី៕
