ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា និងសមាគមយុវជនខ្មែរមហានគរ នៅរសៀលថ្ងៃទី២២ ខែឧសភានេះ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសគាំទ្រប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ស្នើឱ្យបង្កើតច្បាប់ផ្តន្ទាទោសអ្នកនិយាយថា «កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»។
ក្រុមយុវជនសង្គមស៊ីវិល និងអង្គការ សមាគមនានា ប្រកាសគាំទ្រយ៉ាងពេញទំហឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលបានថ្លែងនៅព្រឹកថ្ងៃទី២២ ខែឧសភានេះ ស្នើឱ្យបង្កើតច្បាប់ផ្តន្ទាទោសអ្នកនិយាយថា «កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»។
ក្រុមយុវជនបានលើកឡើងថា កម្ពុជាមុននឹងមានថ្ងៃនេះបានរងគ្រោះព្រោះរបបខ្មៅងងឹងស្ទើបាត់បងប្រទេស។ ទម្រាំមានសន្តិភាព និងការអភិវឌ្ឍន៍ មិនមែនជារឿងងាយ និងចៃដន្យឡើយ ដូច្នេះប្រជាជនកម្ពុជា គ្រប់ៗរូប បានចងចាំមិនអាចបំភ្លេចបាន ចំពោះសោកនាកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ប្រវត្តិសាស្រ្តមិនអាចក្រឡៃមិនបំផ្លេចបាននោះទេ ជនរងគ្រោះជាង៣លាននាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍នេះ។
ក្រុមយុវជនលើកឡើងថា ប្រជាជនកម្ពុជារួមនឹងពិភពលោកបានដឹងយ៉ាងច្បាស់ អំពីកត្តាសុខសន្តិភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺកម្ពុជាបានឆ្លងកាត់ការឈឺចាប់ ជូរចត់ឥតល្ហែស្ទើតែបាត់បង់ប្រទេសជាតិ។ ប៉ុន្តែជាអកុលមានជនឆ្លៀតឱកាស ឬអ្នកនយោបាយជ្រុលនិយម តែងតែសាបព្រោះនូវមនោគមវិជ្ជាខ្មៅកខ្វក់ ធ្វើប្រជាភិថុតភូតភរ បណ្តុះមនសិការទុច្ចរិចកេងចំណេញនយោបាយ បំភ្លៃប្រវត្ថិ-
សាស្រ្ដ ដើម្បីតែបំពេញមហិច្ឆិតារបស់ពួកគេ។
ក្នុងឱកាសប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបង្កើតច្បាប់ផ្តន្ទាទោសអ្នកនិយាយថា «កម្ពុជាគ្មានរបបប្រល័យពូជសាសន៍»! បណ្តុំអង្គការសមាគមសង្គមស៊ីវិល រួមទាំងយុវជន ប្រជាជនខ្មែរ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងឲ្យអ្នកច្បាប់នៅក្នុងប្រទេសកម្ពុជារៀបចំបង្កើតច្បាប់នេះ ដើម្បីដាក់ទោសចំពោះជនណាដែលចង់បំភ្លៃប្រវត្តិសាស្រ្ដ។
ក្រុមយុវជនបញ្ជាក់ថា៖«ក្នុងនាមជាយុវជនជំនាន់ក្រោយពិតជាមិនអាចបំភ្លេចបានទេនូវការលះបង់របស់ឥស្សរជនខ្មែរជាច្រើនដែលបានពលីជីវិត ប្តូរយកសន្តិភាព ការពារប្រទេសជាតិ និងប្រជាជន ជាពិសេសគុណូបការៈដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានយកសាច់ស្រស់ ឈាមស្រស់ ប្តូរយកសន្តិភាព ការអភិវឌ្ឍ ឯកភាពជាតិពេញលេញ សម្រាប់ប្រជាជាតិទាំងមូល»។
ក្រុមយុវជនក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងយត្តិធម៌ និងក្រុមអ្នកច្បាប់ សូមពិនិត្យរៀបចំតាក់តែងច្បាប់ផ្តន្ទាទោសទណ្ឌចំពោះអ្នកនិយាយថា «កម្ពុជាគ្មានរបបប្រល័យពូជសាសន៍»! ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញម្ដងទៀត ហើយបង្ការកុំឲ្យមានជនឆ្លៀតឱកាសជ្រុលនិយមបំភ្លៃប្រវត្តិសាស្រ្ដរបស់កម្ពុជា៕ ដោយ ៖ ដារ៉ា







