
កងទ័ពបាននិយាយថា ចំណាប់ថ្នូររាប់រយនាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ដែលត្រូវបានចាប់ជាចំណាប់ថ្នូរអស់រយៈពេលជាច្រើនខែ ឬច្រើនឆ្នាំដោយក្រុមជ្រុលនិយមបូកូហារ៉ាម( Boko Haram) ប្រទេសនីហ្សេរីយ៉ានៅភាគឦសាន ត្រូវបានជួយសង្គ្រោះចេញពីតំបន់ព្រៃ ហើយប្រគល់ទៅឲ្យអាជ្ញាធរ។
លោកឧត្តមសេនីយ៍ Ken Chigbu មន្ត្រីយោធាជាន់ខ្ពស់នីហ្សេរីយ៉ា បាននិយាយកាលពីល្ងាចថ្ងៃចន្ទ ខណៈដែលបង្ហាញពួកគេដល់អាជ្ញាធរនៅក្នុងរដ្ឋ Borno ថា ចំណាប់ថ្នូរ ៣៥០នាក់ ត្រូវបានឃុំខ្លួននៅក្នុងព្រៃ Sambisa ជាកន្លែងលាក់ខ្លួនសម្រាប់ក្រុមជ្រុលនិយម ដែលបានធ្វើការបះបោរ ក្នុងឆ្នាំ ២០០៩។
កុមារចំនួន ២០៩ នាក់ ស្ត្រី ១៣៥នាក់ និងបុរស ៦នាក់ ហាក់ដូចជាគ្មានកម្លាំងកំហែង ហើយស្លៀកពាក់សម្លៀកបំពាក់ចាស់រហែកស្ទើរមិនតែមិនអាចបិទបាំងរាងកាយបាន។ ក្មេងស្រីខ្លះ មានកូនដែលគេជឿថាកើតចេញពីការបង្ខំឲ្យរៀបការ ដូចករណីស្ត្រីរងគ្រោះដែលត្រូវបានរំលោភ ឬបង្ខំឲ្យរៀបការជាមួយក្រុមសកម្មប្រយុទ្ធក្នុងពេលកំពុងជាប់ឃុំ។
ចំណាប់ថ្នូរម្នាក់មានកូន ៧នាក់ ហើយនិយាយអំពីរបៀបដែលគាត់ និងអ្នកផ្សេងទៀត មិនអាចគេចខ្លួនបាន ដោយសារតែកូនរបស់ពួកគេ។