
នគរបាលអង់គ្លេសកំពុងស៊ើបអង្កេតការស្លាប់ដ៏អាថ៌កំបាំងរបស់បុរសម្នាក់ ដែលត្រូវបានចោទប្រកាន់កាលពីដើមខែនេះ ពីបទជួយសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់ទីក្រុងហុងកុង។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នគរបាលបានប្រាប់ឲ្យដឹងថា ពួកគេកំពុងស៊ើបអង្កេតការស្លាប់ដ៏អាថ៌កំបាំង បន្ទាប់ពីបានទទួលទូរសព្ទពីបុគ្គលិករដ្ឋ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ បុរសដែលត្រូវបានគេប្រកាសថា ស្លាប់នៅឯកន្លែងកើតហេតុក្នុងក្រុង Maidenhead ភាគខាងត្បូងប្រទេសអង់គ្លេសត្រូវបានគេដាក់ឈ្មោះក្នុងសេចក្តីថ្លែងការណ៍ថា Matthew Trickett វ័យ ៣៧ឆ្នាំ។
សេចក្តីថ្លែងការណ៍របស់មេធាវីរបស់លោក Trickett បាននិយាយថា លោកមានការភ្ញាក់ផ្អើលណាស់ចំពោះការស្លាប់របស់កូនក្តីលោក ហើយនឹងមិនអាចធ្វើអត្ថាធិប្បាយអ្វីបន្ថែមបានទេ ខណៈពេលដែលការស៊ើបអង្កេតកំពុងបន្តធ្វើ។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ក្រុមគ្រួសារបានប្រាប់ថា ពួកគេកំពុង «កាន់ទុក្ខចំពោះការបាត់បង់កូនប្រុស បងប្រុស និងសមាជិកគ្រួសារដ៏គួរឲ្យស្រឡាញ់ម្នាក់»។
សូមបញ្ជាក់ថា លោក Trickett ដែលជាអតីតទាហានម៉ារីនភូមិន្ទធ្វើការជាមួយក្រុមហ៊ុនសន្តិសុខឯកជន គឺជាបុរសម្នាក់ ក្នុងចំណោមបុរស ៣នាក់ ដែលត្រូវបានធានាឲ្យនៅក្រៅឃុំ ក្នុងសវនាការ កាលពីថ្ងៃទី១៣ ខែឧសភា បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ២ករណី ក្រោមច្បាប់សន្តិសុខជាតិរបស់ចក្រភពអង់គ្លេស។
ករណីនេះបានបង្កឲ្យមានជម្លោះការទូត រវាងអង់គ្លេស និងចិន។ ក្រសួងការបរទេសអង់គ្លេស បានកោះអញ្ជើញឯកអគ្គរដ្ឋទូតចិន កាលពីថ្ងៃទី១៤ ឧសភា ដើម្បីបញ្ជាក់ថា ចារកម្ម និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមិនអាចទទួលយកបាននោះទេ នៅលើទឹកដីអង់គ្លេស៕