
រដ្ឋាភិបាលស៊ុយអែតបានឈានដល់កិច្ចព្រមព្រមជាមួយភាគីគាំទ្រខ្លួន ពាក់ព័ន្ធនឹងក្របខ័ណ្ឌគាំទ្រផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែន ដែលមានទឹកប្រាក់សរុបចំនួន ៧៥ពាន់លានក្រូណា (៧,០១ពាន់លានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំ។
តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន រដ្ឋាភិបាលបានឲ្យដឹងថា៖ «ដើម្បីពង្រឹងដល់ការគាំទ្ររបស់ស៊ុយអែត ចំពោះអ៊ុយក្រែន និងបង្កើនទស្សនវិស័យរយៈពេលវែង រដ្ឋាភិបាល និងគណបក្សប្រជាធិបតេយ្យស៊ុយអែត បានព្រមព្រៀងគ្នា ដើម្បីដាក់ចេញនូវក្របខ័ណ្ឌគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៤-២០២៦»។
គួរបញ្ជាក់ថា ទឹកប្រាក់ ៧៥ពាន់លានក្រូណានេះ នឹងត្រូវបានបែងចែកក្នុងចំនួនស្មើគ្នា ក្នុងរយៈពេល ៣ឆ្នាំ។ ហើយរដ្ឋាភិបាល បានបញ្ជាក់ថា ដោយរួមបញ្ចូលទាំងការស្នើបន្ថែមទៀតនោះ ជំនួយយោធាដែលបានគ្រោងទុកសរុបរបស់ស៊ុយអែត និងជំនួយផ្សេងទៀត សម្រាប់អ៊ុយក្រែន នឹងមានចំនួនលើសពី ១០០ពាន់លានក្រូណា។
ជាមួយគ្នានេះ ស៊ុយអែតបានសង្កត់ថា ការគាំទ្រផ្នែកយោធាក្រោមក្របខ័ណ្ឌថ្មីនេះ អាចរួមបញ្ចូលទាំងការបរិច្ចាគឧបករណ៍ការពារ ការរួមចំណែកផ្នែកហិរញ្ញវត្ថុ និងជំនួយហិរញ្ញវត្ថុ សម្រាប់លទ្ធកម្មឧបករណ៍ការពារ។ ហើយរដ្ឋាភិបាលបាននិយាយថា៖ «ក្របខ័ណ្ឌនេះអាចដាក់បន្ទុកហិរញ្ញវត្ថុសាធារណៈអស់រយៈពេលជាច្រើនឆ្នាំ និងសូម្បីតែបន្ទាប់ពីឆ្នាំ២០២៦»៕