យោធាប្រទេសចិន បានចាប់ផ្តើមសមយុទ្ធដែលមានឈ្មោះថា «ដាក់ទណ្ឌកម្ម» រយៈពេលពីរថ្ងៃជុំវិញកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) នេះ ក្នុងអ្វីដែលខ្លួនបាននិយាយថាជាការឆ្លើយតបទៅនឹង «ទង្វើផ្តាច់ខ្លួន» ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ចូលកាន់តំណែង និងបានអំពាវនាវឱ្យទីក្រុងប៉េកាំង បញ្ឈប់ការគំរាមកំហែងរបស់ខ្លួន។

ប្រទេសចិន មិនពេញចិត្តលោក ឡៃ នោះទេដោយនិយាយថាលោកជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» ហើយខ្លួនបានរិះគន់សុន្ទរកថាចូលកាន់តំណែងរបស់លោកកាលពីថ្ងៃចន្ទ។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅសប្តាហ៍នេះ បានហៅលោក ឡៃ ថាជាមនុស្ស «គួរឱ្យអាម៉ាស់»។
បញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា ខ្លួនបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ដែលមានការចូលរួមពីកងទ័ព កងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ូកែត នៅក្នុងតំបន់ជុំវិញកោះតៃវ៉ាន់ នៅម៉ោង ៧:៤៥ ព្រឹក (ម៉ោងក្នុងស្រុក) ។

បញ្ជាការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធកំពុងធ្វើឡើងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ភាគខាងជើង ភាគខាងត្បូង និងភាគខាងកើតនៃកោះតៃវ៉ាន់ ក៏ដូចជាតំបន់ជុំវិញប្រជុំកោះដែលគ្រប់គ្រងដោយតៃវ៉ាន់ផងដែរ។ យោធាចិនបានបន្ថែមថា សមយុទ្ធនេះផ្តោតទៅលើការល្បាតត្រៀមប្រយុទ្ធតាមផ្លូវអាកាសរួមគ្នា ការវាយប្រហារយ៉ាងជាក់លាក់លើគោលដៅសំខាន់ៗ និងប្រតិបត្តិការរួមបញ្ចូលគ្នាទាំងក្នុង និងក្រៅខ្សែសង្វាក់កោះ ដើម្បីសាកល្បង «សមត្ថភាពប្រយុទ្ធពិតប្រាកដរួម» នៃកងកម្លាំងយោធាចិន៕
