ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលក្នុងអណត្តិទី៧នេះគឺធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវា ២៤ ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុង១សប្ដាហ៍ពេញតែម្ដង។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា សម្រាប់អាណត្តិទី៧នេះ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើមូលធនមនុស្ស ហើយដើម្បីកម្ពុជាមានមូលធនមនុស្សល្អ គឺជាកត្តាអាទិភាពទី១ គឺសុខភាពហើយដើម្បីឱ្យមានសុខភាពល្អ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់មុនគេនៅលើការផ្ដល់សេវាសុខភាពល្អទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានជាចំបង។
សម្ដេចធិបតីបញ្ជាក់ថា ដូច្នេះ គោលដៅរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ គឺធ្វើយ៉ាងណាធ្វើឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវាសុខាភិបាលនេះទៅដល់ប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ និង៧ថ្ងៃក្នុង១សប្ដាហ៍។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» ជាកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលល្អ មានប្រសិទ្ធភាព គុណភាព ទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា