រដ្ឋមន្ត្រីការបរទេស លោក ល្វីស ហ្គីលបែតូ មូរីលឡូ (Luis Gilberto Murillo) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ប្រធានាធិបតីកូឡុំប៊ី លោក ហ្គោស្តាវ៉ា ភីត្រូ (Gustavo Petro) បានបញ្ជាឲ្យបើកស្ថានទូតមួយ នៅក្នុងទីក្រុងរ៉ាម៉ាឡា ( Ramallah) របស់ប៉ាឡេស្ទីន។
លោក មូរីលឡូ បាននិយាយថា៖«លោកប្រធានាធិបតី ភីត្រូ បានចេញបទបញ្ជាឲ្យយើងបើកស្ថានទូតកូឡុំប៊ី នៅទីក្រុងរ៉ាម៉ាឡា ដែលជាតំណាងរបស់ប្រទេសកូឡុំប៊ីនៅទីក្រុងនេះ នោះគឺជាជំហានបន្ទាប់ដែលយើងនឹងអនុវត្ត»។

លោកបានបន្ថែមថា លោកជឿជាក់ថា នៅពេលឆាប់ៗនេះ ប្រទេសជាច្រើនទៀត នឹងចាប់ផ្តើមគាំទ្រការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅចំពោះមុខអង្គការសហប្រជាជាតិ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់កូឡុំប៊ី បានគាំទ្ររួចហើយនោះ។
នៅដើមខែនេះ លោក ភីត្រូ ដែលបានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតកូឡុំប៊ីរួចហើយពីទីក្រុង តែលអាវីវ (Tel Aviv) បាននិយាយថា លោកនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលជុំវិញសកម្មភាពរបស់ខ្លួន នៅតំបន់ហ្កាហ្សា។ ស្ថានទូតនោះ ត្រូវបានបិទ នៅថ្ងៃទី៣ ខែឧសភា។
លោក ភីត្រូ បានរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហើយបានស្នើសុំចូលរួមក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានចោទប្រកាន់លោក ភីត្រូថា ជា «អ្នកប្រឆាំង និងពោរពេញដោយការស្អប់ខ្ពើម» បន្ទាប់ពីការសម្រេចចិត្តរបស់កូឡុំប៊ី ក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសមជ្ឈិមបូព៌ា ដោយនិយាយថា ការសម្រេចនេះ គឺជារង្វាន់សម្រាប់ក្រុមហាម៉ាស។