សពរបស់លោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ត្រូវបានគេបញ្ចុះនៅក្នុងទីក្រុងដ៏បរិសុទ្ធ ម៉ាសហាដ (Mashhad) ចំណែកសពលោករដ្ឋមន្រ្តីការបរទេស ហូសេន អាមឺ អាបឌូលឡាហៀន (Hossein Amirabdollahian) នៅភាគខាងត្បូងនៃទីក្រុងតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) ខណៈដែលអ្នកកាន់ទុក្ខជាច្រើនម៉ឺននាក់បានដើរដង្ហែរចូលរួមក្នុងបុណ្យសពនេះ រយៈពេលបួនថ្ងៃបន្ទាប់ពីអ្នកទាំងពីរបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ។

លោក រ៉េស៊ី វ័យ ៦៣ ឆ្នាំត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាបេក្ខជនស្នងតំណែងមេដឹកនាំកំពូលវ័យ ៨៥ ឆ្នាំ លោក អាលី ខាមីណេ (Ali Khamenei) ដែលជាអ្នកសម្រេចគ្រប់យ៉ាងចុងក្រោយនៅក្នុងប្រទេសអ៊ីរ៉ង់។ លោក ម៉ូហាមម៉េដ ម៉ូកប៊ឺ (Mohammad Mokhber) ដែលធ្លាប់ជាអនុប្រធានាធិបតីទីមួយ កំពុងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នរហូតដល់ការបោះឆ្នោតនៅថ្ងៃទី២៨ ខែមិថុនា។

ពិធីបញ្ចុះសពនេះមានការចូលរួមពីរដ្ឋាភិបាលអ៊ីរ៉ង់ និងមន្ត្រីយោធា ព្រមទាំងបុគ្គលិកសាសនាផងដែរ។ មនុស្សម្នានាំគ្នាដាក់ផ្កាលើមឈូសរបស់លោក ខណៈពេលផ្លាស់ទីយឺតៗនៅលើក្បួនរថយន្តឆ្លងកាត់ហ្វូងអ្នកកាន់ទុក្ខដើម្បីបញ្ចុះនៅទីសក្ការបូជា អ៊ីម៉ាម រ៉េហ្សា (Imam Reza) ដែលជាកន្លែងគោរពបូជាសាសនាអ៊ីស្លាមដ៏ពិសិដ្ឋបំផុតរបស់ប្រទេសអ៊ីរ៉ង់។

ពិធីមួយត្រូវបានធ្វើឡើងដើម្បីគោរពដល់សពលោករដ្ឋមន្រ្តីការបរទេស អាបឌូលឡាហៀន នៅក្រសួងការបរទេសក្នុងទីក្រុងតេអេរ៉ង់។ សពលោក អាបឌូលឡាហៀន ត្រូវបានគេបញ្ចុះនៅភាគខាងត្បូងរដ្ឋធានីតេអេរ៉ង់ ក្នុងទីក្រុង រៃ (Rey) នៃទីសក្ការៈបូជា ស្ហាស អាបដូឡាហ្ស៊ីម (Shah Abdolazim) ដែលជាកន្លែងបញ្ចុះសពអ្នកនយោបាយ និងវិចិត្រករជនជាតិអ៊ីរ៉ង់ដ៏ល្បីល្បាញ៕