ប្រធានាបុគ្គលិក នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ឧសភា សប្ដាហ៍នេះ បានបញ្ចេញរបាយការណ៍ដំបូងស្ដីពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យ ១៩សភា ដែលបណ្ដាលឲ្យលោកប្រធានាធិតី អ៊ីប្រាហ៊ីមរ៉េស៊ី និងក្រុមការងាររបស់លោកស្លាប់។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្ដាលផ្លូវការអ៊ីរ៉ង់ បានដកស្រង់របាយការណ៍ធ្វើឡើងដោយ ការិយាល័យបុគ្គលិកកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ថាក្រោយការធ្លាក់ គណៈកម្មការធិការស៊ីបអង្កេតជាន់ខ្ពស់មួយរូប បានបញ្ជូនក្រុមអ្នកវិភាគ អ្នកជំនាញ និងបច្ចេកទេស ទៅដល់កន្លែងកើតហេតុកាលពីព្រឹកថ្ងៃចន្ទ ។
យោងតាមរបាយការណ៍ ឧទ្ធម្ភាគចក្របានបន្តដំណើរតាមការកំណត់របស់ខ្លួននៅតាមផ្លូវ ហើយពុំបានងាកចេញពីផ្លូវហោះហើរនោះទេ។
របាយការណ៍បាននិយាយថា ជិត១នាទីកន្លះ មុនកើតហេតុ អ្នកបើកឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះបានទាក់ទងទៅកាន់ឧទ្ធម្ភាគចក្រពីរផ្សេងទៀតនៃក្បួនដំណើររបស់លោកប្រធានាធិបតី។

គេពុំបានរកឃើញស្នាកស្មាមនៃគ្រាប់កាំភ្លើង ឬវត្ថុស្រដៀងគ្នានេះ នៅលើបំណែកនៃឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះទេ។
ប្រភពខាងលើនេះ បាននិយាយថា បន្ទាប់ពីធ្លាក់ចូលទៅក្នុងព្រៃភ្នំ ឧទ្ធម្ភាគចក្របានឆេះ។
របាយការណ៍បាននិយាយថា ភាពស្មុគស្មាញនៃតំបន់ ការចុះអ័ព្ទ និងសីតុណ្ហភាពទាប បានបណ្តាលឱ្យប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបន្តរហូតដល់ពេលយប់ ហើយបន្តពេញមួយយប់កាលពីថ្ងៃចន្ទ។ ទីតាំងនៃឧបទ្ធវហេតុ ត្រូវបានកំណត់ដោយមានជំនួយពីយានដ្រូន ។
គ្មានបញ្ហាគួរឱ្យសង្ស័យណាមួយត្រូវបានគេរកឃើញឡើយ នៅក្នុងការសន្ទនារវាងកងកម្លាំងប្រចាំការនៅប៉មយាម និងក្រុមអាកាសយានិក៕
