
និស្សិតរាប់រយនាក់មកពីប្រទេសប៉ាគីស្ថាន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត កំពុងនាំគ្នាចាកចេញពីកៀហ្ស៊ីស៊ីស្ថាន បន្ទាប់ពីហ្វូងមនុស្សដែលពោពេញដោយការខឹងសម្បា បានវាយប្រហារកន្លែងរស់នៅរបស់ពួកគេ ក្នុងខែនេះ តែអ្នកខ្លះសង្ឃឹមថា នឹងវិលត្រលប់ទៅវិញ នៅពេលដែលស្ថានភាពស្ងប់ស្ងាត់។
យុវជនកៀហ្ស៊ីស៊ីស្ថានរាប់រយនាក់បានសម្រុកចូលកន្លែងស្នាក់នៅមួយ ក្នុងរដ្ឋធានី Bishkek កាលពីព្រឹកព្រលឹមថ្ងៃទី១៧ ខែឧសភា ហើយបានវាយប្រហារនិស្សិតបរទេស នៅទីនោះ ដោយមូលហេតុដែលនាំឲ្យកើតហេតុការណ៍នោះ គឺដោយសារតែមានការប៉ះទង្គិចគ្នា រវាងបុរសជនជាតិកៀហ្ស៊ីស៊ីស្ថាន និងជនបរទេស នៅប៉ុន្មានថ្ងៃមុននេះ។
ទោះបីជាមានវត្តមានរបស់នគរបាលក៏ដោយ ក៏អំពើហិង្សានោះមិនអាចត្រូវបានបញ្ឈប់ដែរ។ លោក Imran Yousaf អ្នកឯកទេសខាងរោគសាស្ត្រ នៅសាកលវិទ្យាល័យអន្តរជាតិកៀហ្ស៊ីស៊ីស្ថាន បាននិយាយថា៖ «ពួកគេបានលុកលុយកន្លែងស្នាក់នៅ ហើយវាគឺជាពេលវេលាដ៏គួរឲ្យរន្ធត់សម្រាប់យើងទាំងគ្នា និងជាសុបិនដ៏អាក្រក់បំផុត»។
លោកបានបន្តថា បើទោះបីជានិស្សិតព្យាយាមដាក់របាំងរារាំងច្រកផ្លូវចូល និងលាក់ខ្លួនក៏ដោយ ក៏ក្រុមអ្នកវាយប្រហារ បានវាយ និងវាយដំរាងកាយសិស្សជាច្រើននាក់ ក្នុងនោះមានទាំងនារីខ្លះផងដែរ។
រដ្ឋាភិបាលប៉ាគីស្ថាន បានរៀបចំជើងហោះហើរបន្ថែម ដែលចាកចេញជារៀងរាល់ថ្ងៃពីទីក្រុង Bishkek ហើយនិស្សិតជាច្រើននាក់ កំពុងឆ្លៀតយកឱកាសនេះវិលត្រឡប់ទៅស្រុកកំណើតវិញយ៉ាងហោចណាស់ក៏បណ្តោះអាសន្នសិនដែរ៕