អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ក្នុងនោះរួមទាំងទីក្រុង Rafah នៅថ្ងៃសៅរ៍ (ទី២៥ ខែឧសភា) នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីតុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) បានបញ្ជាឲ្យខ្លួនបញ្ឈប់ប្រតិបត្តិការយោធា នៅក្នុងទីក្រុងភាគខាងត្បូងមួយនេះ ខណៈកិច្ចប្រឹងប្រែង កំពុងដំណើរការនៅទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីស្វែងរកបទឈប់បាញ់នៅក្នុងសង្គ្រាម ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលថ្ងៃទី៧ ខែតុលា។

ជាមួយគ្នានេះ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏បានទាមទារផងដែរឲ្យមាន «ការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ» ចំពោះចំណាប់ថ្នូរទាំងអស់ ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោយការទាមទារនោះកើតមានឡើងប៉ុន្មានម៉ោងបន្ទាប់ពីយោធាអ៊ីស្រាអែល បានប្រកាសថា កងទ័ពបានយកមកវិញនូវសពចំណាប់ថ្នូរ ៣នាក់ទៀត ពីភាគខាងជើងតំបន់ហ្កាហ្សា។

លើសពីនេះទៀត តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ ដែលបញ្ជារបស់ខ្លួនមានជាប់កាតព្វកិច្ចស្របច្បាប់ ប៉ុន្តែខ្វះយន្តការអនុវត្តដោយផ្ទាល់នោះ ក៏បានបញ្ជាឲ្យអ៊ីស្រាអែលបន្តបើកច្រកឆ្លងកាត់ Rafah រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សា ដែលខ្លួនបានបិទកាលពីដើមខែឧសភា នៅពេលចាប់ផ្តើមវាយប្រហារលើទីក្រុង។

យ៉ាងណាក្ដី អ៊ីស្រាអែលមិនបានផ្តល់ការបង្ហាញថា ខ្លួនកំពុងរៀបចំកែប្រែគោលដៅ នៅទីក្រុង Rafah នោះទេ ដោយទទូចថា តុលាការបានយល់ពីស្ថានការណ៍ខុស។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយអ្នកនាំពាក្យក្រសួងការបរទេសរបស់អ៊ីស្រាអែល ទីប្រឹក្សាសន្តិសុខជាតិ លោក Tzachi Hanegbi បានប្រាប់ឲ្យដឹងថា៖ «អ៊ីស្រាអែលមិនមាន និងនឹងមិនធ្វើប្រតិបត្តិការយោធា នៅក្នុងតំបន់ Rafah ដែលបង្កើតលក្ខខណ្ឌរស់នៅ ដែលអាចបណ្តាលឲ្យមានការបំផ្លិចបំផ្លាញប្រជាជនប៉ាឡេស្ទីនទាំងមូល ឬមួយផ្នែកនោះទេ»។
ក្រុមហាម៉ាសដែលបានគ្រប់គ្រងតំបន់ហ្កហ្សាតាំងពីឆ្នាំ២០០៧ មកនោះ បានស្វាគមន៍សេចក្តីសម្រេចរបស់ ICJ លើទីក្រុង Rafah ប៉ុន្តែបានរិះគន់ការសម្រេចរបស់ស្ថាប័ននេះ ក្នុងការមិនបញ្ចូលផ្នែកផ្សេងទៀតនៃតំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាម ក្នុងបទបញ្ជានេះ៕