ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤០ នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួសកាលពីល្ងាចថ្ងៃអាទិត្យ (២៦ ឧសភា) នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើជំរំតង់នៅភាគពាយ័ព្យទីក្រុង រ៉ាហ្វា (Rafah) ដែលជាក្រុងនៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។

ទីភ្នាក់ងារព័ត៌មាន WAFA បានបន្ថែមថា កងកម្លាំងអ៊ីស្រាអែល បានបាញ់រ៉ូកែតប្រហែលប្រាំបីគ្រាប់ឆ្ពោះទៅរកតង់បណ្ដោះអាសន្នរបស់អ្នកស្រុកនៅក្នុងជំរំបង្កើតថ្មី ដែលប្រមូលផ្តុំដោយជនភៀសខ្លួនរាប់ពាន់នាក់នៅក្បែរឃ្លាំងរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA)។

ប្រភពក្នុងតំបន់បានប្រាប់សារព័ត៌មាន ស៊ីនហួរ ថា នេះគឺជាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល «ដ៏ធ្ងន់ធ្ងរ និងមិនធ្លាប់មានពីមុនមក» លើតំបន់ដែលមានប្រជាជនភៀសខ្លួនរស់នៅយ៉ាងក្រាស់ក្រែលនេះ ដោយបានធ្វើឱ្យជំរំតង់ និងរថយន្តជនស៊ីវិលជាច្រើនត្រូវឆេះខ្ទេចខ្ទី។ ប្រភពដដែលបានបញ្ជាក់ថា ក្រុមមន្ត្រីការពារជនស៊ីវិល និងក្រុមរថយន្តសង្គ្រោះ បានជួបឧបសគ្គយ៉ាងខ្លាំងក្នុងការទាញយកសាកសពដោយសារស្ថានភាពលំបាកខ្លាំងពេក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យ ក្រុមហាម៉ាស បានថ្កោលទោសការទម្លាក់គ្រាប់បែកនេះថាជា «ការប្រឆាំងទាំងស្រុង និងមិនយកចិត្តទុកដាក់ចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលទាមទារឱ្យវាបញ្ឈប់ការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងក្រុង រ៉ាហ្វា»៕