រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ីក កាលពីថ្ងៃអាទិត្យថា ដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន «ត្រូវតែរក្សាឱ្យនៅរស់»។

ព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីន ហ្វាហាន ប៊ីន អាប់ឌូឡា(Faisal bin Farhan bin Abdullah) បានបន្តបញ្ជាក់ថា ដំណោះស្រាយនេះនឹងស្ថិតក្នុងផលប្រយោជន៍របស់គ្រប់ភាគី រួមទាំងអ៊ីស្រាអែល ផងដែរ។ ព្រះអង្គ បានអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង។
អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Joseph Borrell បានបញ្ជាក់ថា ដំណោះស្រាយរដ្ឋពីរ ពុំមែនជា «សម្បទានដ៏ធ្ងន់ធ្ងរនោះទេ» ឬជា «ការគំរាមកំហែងសន្តិសុខ» នោះដែរ សម្រាប់អ៊ីស្រាអែល ប៉ុន្តែជា «ការធានាបានរយៈពេលវែងតែមួយគត់សម្រាប់សន្តិសុខ និងវិបុលភាព»។
ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសន័រវ៉េស បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីវិធីសាស្រ្តសម្របសម្រួល ចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅទីក្រុងព្រុចសែល កាលពីថ្ងៃអាទិត្យ។

កិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ក្នុងរដ្ឋធានីប្រទេសបែលហ្ស៊ិក រួមទាំងការចូលរួមពីម្ចាស់ជំនួយអន្តរជាតិដែលគាំទ្រប៉ាឡេស្ទីន បានធ្វើឡើង ខណៈប្រទេសអឺរ៉ុបចំនួនបី គឺ ប្រទេសអេស្បាញ អៀរឡង់ និងប្រទេសន័រវ៉េស បាននិយាយថា ពួកគេនឹងទទួលស្គាល់ជាផ្លូវការរដ្ឋប៉ាឡេស្ទីន ដើម្បីជួយធានាបានការបញ្ឈប់ការវាយលុកនៅតំបន់ហ្កាហ្សាពីសំណាក់អ៊ីស្រាអែល បន្ទាប់ពីក្រុមហាម៉ាស វាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា និងដើម្បីស្តារឡើងវិញកិច្ចចរចាសន្តិភាពដែលបានជាប់គាំង មួយទសវត្សរ៍កន្លងទៅនេះ។