ប្រភពបាននិយាយថា រថយន្តជំនួយជាង ១០០ គ្រឿងបានទៅដល់តំបន់ហ្កាហ្សាស្ទ្រីប កាលពីព្រឹកថ្ងៃចន្ទ (២៧ ឧសភា) បន្ទាប់ពីកិច្ចព្រមព្រៀងមួយដើម្បីបញ្ជូនជំនួយតាមរយៈច្រកព្រំដែន កេរឹម ស្ហាលូម (Kerem Shalom) ប៉ុន្តែការផ្គត់ផ្គង់នោះមិនត្រូវបានចែកចាយនៅឡើយទេ ស្របពេលមានការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តឥតឈប់ឈរ។

ការចែកចាយគឺត្រូវការជាចាំបាច់ ដោយសារតែជំនួយតិចតួចណាស់បានទៅដល់តំបន់ហ្កាហ្សា ភាគខាងត្បូងចាប់តាំងពីថ្ងៃទី០៦ ខែឧសភា មក នៅពេលដែលអ៊ីស្រាអែល បានកាន់កាប់ច្រកព្រំដែន រ៉ាហ្វា (Rafah) ផ្នែកខាងប៉ាឡេស្ទីន ចម្ងាយប្រហែល ៣,៥ គីឡូម៉ែត្រពីច្រក កេរឹម ស្ហាលូម និងចំណុចច្រកចូលសំខាន់ទៅក្នុងតំបន់ហ្កាហ្សា សម្រាប់ការផ្គត់ផ្គង់មនុស្សធម៌ និងពាណិជ្ជកម្ម។

ការមកដល់ចុងក្រោយបំផុតនៃក្បួនជំនួយ នឹងក្លាយជាការផ្គត់ផ្គង់ដ៏ធំបំផុតទៅកាន់ភាគខាងត្បូងហ្កាហ្សា រហូតមកដល់ពេលនេះ ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់អ៊ីស្រាអែល លើក្រុងរ៉ាហ្វា ដោយភាគច្រើនមិនឃើញមានរថយន្តដឹកទំនិញឆ្លងកាត់ព្រំដែននោះទេ។
ប្រភពសន្តិសុខអេហ្ស៊ីប បានប្រាប់សារព័ត៌មានរ៉យទ័រ ថា រថយន្តជំនួយចំនួន ១២៣ គ្រឿងបានឆ្លងកាត់ព្រំដែន ហើយបានប្រគល់ទំនិញទៅអង្គការសហប្រជាជាតិ ប៉ុន្តែរថយន្តដឹកទំនិញប៉ាឡេស្ទីនដែលទៅយកជំនួយ បានត្រឡប់មកវិញដោយដៃទទេ ដោយសារតែការវាយប្រហារឥតឈប់ឈរធ្វើឱ្យគេមិនអាចយកជំនួយបាន នេះបើតាមមន្ត្រីអង្គការសហប្រជាជាតិ និងប្រភពប៉ាឡេស្ទីន។
រថយន្តដឹកទំនិញប្រហែល ២០០ គ្រឿងត្រូវបានគេរំពឹងថាចូលទៅហ្កាហ្សា កាលពីថ្ងៃអាទិត្យ ប៉ុន្តែនៅតែទាបជាងតម្រូវការនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ ជាទីដែលក្រុមអ្នកឃ្លាំមើលនិយាយថា ទុរ្ភិក្សនៅក្នុងផ្នែកខ្លះនៃតំបន់នេះជិតមកដល់ហើយ៕
