បាល់ទាត់៖ Lionel Messi នឹងមិនអាចនៅបន្តជាមួយ Barcelona បានឡើយដោយសារតែច្បាប់ហិរញ្ញវត្ថុតឹងរ៉ឹងរបស់ La Liga។ ថ្ងៃអាទិត្យម្សិលមិញនេះ Barcelona បានរៀបចំសន្និសីទសារព័ត៌មានចុងក្រោយដល់ Lionel Messi ខណៈកីឡាករអាហ្សង់ទីនរូបនេះបាននិយាយទាំងទឹកភ្នែក ចំពោះការចាកចេញនេះដោយចាត់ទុក Barcelona គឺជាផ្ទះរបស់ខ្លួនទៅហើយ។

Messi ក៏បានបន្តថា ទំនាក់ទំនងរវាងរូបគេ និង Barcelona គ្មានបញ្ហាឡើយ ភាគីទាំងពីរបានព្រមព្រៀងគ្នារួចហើយពីការចាប់ដៃគ្នាបន្តទៅមុខទៀត តែគ្រប់យ៉ាងពិតជាមិនអាចទៅរួច។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះក៏បាននិយាយផងដែរ ពីគោលដៅបន្ទាប់របស់ខ្លួនបន្ទាប់ពីការចាកចេញនេះគឺ Paris Saint Germain អាចជាគោលដៅដែលអាចទៅរួច តែអ្វីៗមិនទាន់ផ្លូវការទេ។ អំឡុងពេលបំពេញបេសកកម្មជួយក្រុមអាហ្សង់ទីនលើកពាន Copa America នៅទឹកដីប្រេស៊ីលនោះ Lionel Messi ក៏បានយល់ព្រមកិច្ចព្រមព្រៀងបន្តកិច្ចសន្យាជាមួយ Barcelona ផងដែរកាលពីពីរសប្តាហ៍មុន និងយល់ព្រមកាត់ប្រាក់ខែពាក់កណ្តាល។ កិច្ចសន្យាថ្មីនេះ Messi យល់ព្រមនៅជាមួយ Barcelona ដល់ឆ្នាំ២០២៦ តែតាមគោលការណ៍របស់ La Liga គឺតម្រូវឱ្យ Barcelona កាត់បន្ថយប្រាក់ចំណាយលើប្រាក់ខែសរុបជាមុនសិន មុននឹងអាចចុះហត្ថលេខាជាមួយកីឡាកររូបណាមួយបានបន្ថែមទៀត។
Lionel Messi គឺជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Barcelona ដោយរកបានសរុប ៦៧២គ្រាប់ ឈ្នះពាន La Liga ១០លើក, UEFA Champions League ៤លើក, Copa del Rey ៧លើក ក៏ដូចជាឈ្នះពានឯកត្តជន Ballon d’Or ៦លើកច្រើនជាងគេ។ រក្សាទុក Messi នៅ Barcelona គឺជាគោលដៅរបស់ប្រធានក្លិបថ្មីលោក Joan Laporta ដែលជាប់ឆ្នោត។ កន្លងមក Messi ក៏ធ្លាប់មានទំនាក់ទំនងផ្ទេរទៅកាន់ Paris Saint Germain និង Manchester City ផងដែរ ស្របពេលការផ្លាស់ទៅកាន់ទឹកដីអាមេរិក Major League Soccer ក៏ជាជំរើសផងដែរ៕
អត្ថបទ៖នាង សុភាវុធ