នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងតំណាងរដ្ឋាភិបាលបណ្តាប្រទសេនានា បានអញ្ជើញប្រារព្ធទិវាអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងគោរពវិញ្ញាណក្ខន្ធ កងកម្លាំងរក្សាសន្តិភាពដែលបានពលីជីវិតក្នុងបុព្វហេតុបំពេញបេសកកម្មថែរក្សាសន្តិភាពពិភពលោក នៅសាលាហ្វឹកហ្វឺនពហុសាសន៍ ACO ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ថ្លែងថា ពិធីគោរព វិញ្ញាណក្ខន្ធ កងកម្លាំងរក្សាសន្តិភាពពិភពលោកនេះ បានធ្វើឡើងស្របពេលដែលបណ្តាប្រទេសបរិច្ចាគកងកម្លាំងចូលរួមថែរក្សាសន្តិភាពលើពិភពលោក បាននាំគ្នាប្រារព្ធទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) ២៩ ឧសភា លើកទី៧៦ ដើម្បីរំលឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ហើយក៏ជាថ្ងៃប្រារព្ធពិធីគោរព វិញ្ញាណក្ខន្ធ វិរៈយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្ធហេតុចូលរួមស្វែងរកសន្តិភាពនៅតាមប្រទេសមានជម្លោះសង្គ្រាមតាំងពីឆ្នាំ ១៩៤៨ រហូតមកដល់បច្ចុប្បន្ន។

នាយឧត្តមសេនីយ ទៀ សីហា ថ្លែងថា តាមរយៈការប្រារព្ធទិវានេះ គឺបានធ្វើឲ្យពលរដ្ឋកម្ពុជា នឹកឃើញអំពីគុណតម្លៃសន្តិភាព ដែលកម្ពុជា ពិបាករកបាន ក្នុងប្រវត្តិចូចត់ពីអតីតកាល ហើយបច្ចុប្បន្នទោះបីកម្ពុជា បន្តជួបបញ្ហាប្រឈមដោយសារវិបត្តិជាសកល ក៏កម្ពុជានៅតែបន្តការប្តេជ្ញាចិត្តធ្វើការជាមួយ UN បន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជាទៅបំពេញបេសកកម្មថែរក្សាសន្តិភាពតាមតម្រូវការរបស់ UN ផងដែរ។
លោក Joseph Scheuer ( ចូសិប ស៊ូអើ ) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ថ្លែងថា ថ្ងៃនេះអ្នកទាំងអស់គ្នាមានការចងចាំ សមាជិកអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាតិ ដែលបានបាត់បង់ជីវិត ក្នុងបុព្ធហេតុថែរក្សាសន្តិភាព។

សូមបញ្ជាក់ថា អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រី ប្រមាណជាង១លាននាក់ បានចូលរួមប្រតិបត្តិថែរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រ UN ក្នុងនោះមានយុទ្ធជន យុទ្ធនារីថែរក្សាសន្តិភាពប្រមាណជាង ៤៣៧៤នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ក្នុងនៅមានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន ១១នាក់ផងដែរ។ ដោយឡែក ទ័ពមួកខៀវប្រមាណ១៥០០០នាក់ដែលបានបំពេញបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជា ក្នុងកងអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ហៅកាត់ UNTAC ក្នុងអំឡុងឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ គឺមានកងមួកខៀវចំនួន ៨២នាក់ ដែលបានពលី ក្នុងបុព្វហេតុថែរក្សាសន្តិភាពនៅកម្ពុជា៕ អត្ថបទ៖ ស៊ុម សុខជា




