
អារ៉ាប៊ីសាអ៊ូឌីត បានថ្កោលទោសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារតាមអាកាសយ៉ាងសាហាវលើទីក្រុងរ៉ាហ្វា នៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង។
ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងរីយ៉ាដ បានថ្កោលទោស «ការសម្លាប់រង្គាលប្រល័យពូជសាសន៍ជាបន្តបន្ទាប់ដែលប្រព្រឹត្តដោយកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនដោយពុំមានការការពារ ដោយការបន្តកំណត់គោលដៅទៅលើជំរំជនភៀសខ្លួនប៉ាឡេស្ទីន ដែលគ្មានទីពឹងនៅទីក្រុងរ៉ាហ្វា»។
ក្រសួង បានបន្ថែមថា ព្រះរាជាណាចក្រនេះ កំពុងឲ្យអ៊ីស្រាអែល «ទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលកំពុងកើតឡើង នៅទីក្រុងរ៉ាហ្វា និងទូទាំងដែនដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល ក៏ដូចជាការរិះគន់នូវអ្វីដែលខ្លួនហៅថា «ការរំលោភបំពានឥតឈប់ឈរនៃសេចក្តីសម្រេចមនុស្សធម៌ ច្បាប់ និងបទដ្ឋានផ្សេងៗ»។
ប្រទេសអារ៉ាប់ជាច្រើន បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ដែលបានត្រូវចំតង់លំនៅឋានរបស់ប្រជាជនដែលផ្លាស់ទីលំនៅនៅជិតទីក្រុងរ៉ាហ្វា ដោយបានសម្លាប់មនុស្ស ៤៥នាក់។