
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប៊្លីនខិន (Antony Blinken) ហោះហើរទៅកាន់រដ្ឋធានី Chisinau របស់ប្រទេសម៉ុលដាវី នៅថ្ងៃពុធនេះ ជាទីឈប់ដំបូងក្នុងដំណើររយៈពេលខ្លីនៅអឺរ៉ុប ក្នុងគោលបំណងពង្រឹងការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែន នៅទូទាំងសម្ព័ន្ធមិត្តណាតូ និងប្រទេសជិតខាង។
ដំណើរទស្សនកិច្ចរបស់ប្រមុខអ្នកការទូតរបស់អាមេរិក ធ្វើឡើង ខណៈអ៊ុយក្រែន កំពុងព្យាយាមទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីកាន់តែខ្លាំងនៅភាគខាងកើត ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ការអនុញ្ញាតឲ្យទីក្រុងគីវ ប្រើអាវុធលោកខាងលិចវាយប្រហារក្នុងប្រទេសរុស្ស៊ី អាចបង្កជម្លោះពិភពលោក។
នៅទីក្រុង Chisinau លោក ប៊ីនខិន នឹងជួបជាមួយប្រធានាធិបតីគាំទ្រអឺរ៉ុបលោក Maia Sandu និងក្រុមមន្ត្រីជាន់ខ្ពស់ នៅពេលដែលមន្ត្រីអាមេរិក និយាយថា អតីតសាធារណរដ្ឋសូវៀតដែលមានប្រជាជនចំនួន ២,៥លាននាក់ ដែលមានព្រំដែនវែងជាមួយអ៊ុយក្រែន ប្រឈមមុខនឹង «ប្រតិបត្តិការដ៏មានឥទ្ធិពល» របស់រុស្ស៊ី។
លោក Jim O'Brien ប្រមុខការទូតរបស់សហរដ្ឋអាមេរិកសម្រាប់អឺរ៉ុបនៅក្រសួងការបរទេស បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក ទំនងជានឹងប្រកាស «កញ្ចប់ដ៏រឹងមាំ» នៃការគាំទ្រសម្រាប់ឯករាជ្យភាពថាមពលរបស់ប្រទេសម៉ុលដាវី ដោយមិនបានបញ្ជាក់លម្អិតឡើយ។