ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួន នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការធ្វើបុណ្យនេះហើយ ដែលបាននាំមកនូវសុខសន្តិភាពហើយក៏ជាមូលដ្ឋាននៃការការពារសុខសន្តិភាពរបស់កម្ពុជាដែរ។

ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ដែលតែងផ្តល់ជំនឿចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយតែងបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស។ សម្តេចថ្លែងថា ការសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានាថ្ងៃនេះមិនត្រឹមជួយលើកកម្ពស់ការគោរពវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែក៏បានក្លាយទៅជាកន្លែងសម្រាប់ការទាក់ទាញអ្នកទេសចរផងដែរ។
សម្តេចធិបតី បញ្ជាក់ថា បើគ្មានសុខសន្តិភាព គឺមិនអាចផ្តល់ឱកាសក្នុងការកសាងសមិទ្ធផលផ្នែកសាសនា និងផ្តល់សិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋគោរពប្រតិបត្តិសាសនាបានឡើយ។
សម្តេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា មូលដ្ឋានដ៏ធំរបស់រាជរដ្ឋាភិបាល គឺការធ្វើបុណ្យ តាមរយៈការអនុវត្តគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដោយបានរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ និងការជួយដល់ប្រជាពលរដ្ឋដោយផ្តល់ក្តីអនុគ្រោះឱ្យគ្នាទៅវិញទៅមក។ ហើយបើគ្មានការធ្វើបុណ្យដោយការយោគយល់គ្នាតាមរយៈនយោបាយឈ្នះឈ្នះទេប្រទេសកម្ពុជាក៏គ្មានសុខសន្តិភាពពេញលេញដូចពេលបច្ចុប្បន្ននេះដែរ។
ក្នុងឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ លើកកម្ពស់គុណតម្លៃប្រពៃណីព្រះពុទ្ធសាសនា និងការអប់រំសីលធម៌ គុណធម៌ ចរិយាធម៌ ដែលជាគុណតម្លៃសម្រាប់ការរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនា តាមរយៈការផលិត និងចាក់ផ្សាយនូវ វីដេអូខ្លីៗ នៅតាមបណ្តាញសង្គម និងផ្ទាំងទូរទស្សន៍សាធារណៈ និងបន្តសកម្មភាពនេះឱ្យបានខ្ជាប់ខ្ជួន និងឱ្យកាន់តែផុលផុសថែមទៀត ដើម្បីចូលរួមចំណែកកសាងនូវមូលធនមនុស្សក្នុងសង្គម ប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់៕អត្ថបទ៖ វ៉ន ដារ៉ា