
ក្រុមហ៊ុន Alphabet នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែឧសភា) នេះ បាននិយាយថា Google នឹងបណ្តាក់ទុនចំនួន ២ពាន់លានដុល្លារ នៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងតំបន់ Google Cloud (ហ្គូហ្កលក្លោដ) ដំបូងរបស់ខ្លួន នៅក្នុងប្រទេសនេះ ដោយនេះជាការពង្រីកចុងក្រោយបំផុតនៃការពង្រីកជាបន្តបន្ទាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកទៅកាន់តំបន់អាស៊ីអាគ្នេយ៍។
រដ្ឋាភិបាលបាននិយាយថា ការវិនិយោគនេះនឹងជំរុញមហិច្ឆិតាឌីជីថលរបស់ម៉ាឡេស៊ី និងសមត្ថភាពបញ្ញាសិប្បនិម្មិត (AI) ហើយបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត នឹងជួយឧស្សាហកម្មក្នុងស្រុកឲ្យឆ្ពោះទៅរកខ្សែច្រវាក់ដ៏មានតម្លៃជាសកល។
គួរបញ្ជាក់ថា ដោយមានប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាចំនួន ៦៧០លាននាក់ តំបន់អាស៊ីអាគ្នេយ៍ បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគជាច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស រួមមាន Microsoft, Amazon, Nvidia និង Apple។
ក្រុមហ៊ុន Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មជ្ឈមណ្ឌលទិន្នន័យ និងតំបន់ក្លោដនេះ នឹងមានទីតាំងនៅក្នុងសួនពាណិជ្ជកម្ម Elmina របស់ក្រុមហ៊ុន Sime Darby Property នៅកណ្តាលរដ្ឋ Selangor។
ក្រុមហ៊ុនបានបន្ថែមថា មជ្ឈមណ្ឌលទិន្នន័យនឹងផ្តល់លទ្ធភាពដល់សេវាកម្មជាច្រើន ដែលរួមមានការស្វែងរក ផែនទី និងកន្លែងធ្វើការ ហើយនឹងជួយផ្តល់សេវា AI ខណៈពេលដែលមជ្ឈមណ្ឌលក្លោដ នឹងផ្តល់សេវាកម្មដល់ក្រុមហ៊ុនក្នុងស្រុក និងអង្គការផ្នែកសាធារណៈ៕