អ្នកនាំពាក្យក្រសួងការពារជាតិចិន កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ឧសភា សប្ដាហ៍នេះបានរិះគន់ ការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្វីលីពីន ដោយនិយាយថា ទង្វើរបស់ប្រទេសទាំងពីរ បានធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ស្ថិតនៅក្រោមការគំរាមកំហែងដោយសារតែអាវុធរបស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យលោក វូ ជៀន (Wu Qian) បានឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការដាក់ពង្រាយប្រព័ន្ធមីស៊ីល ថៃហ្វុន មីដ រ៉េង កាផាប៊ីលីរី (Typhon Mid-Range Capability) របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្វីលីពីន ក្រោមលេសសមយុទ្ធយោធា ថា ភាគីចិនមានការប្រុងប្រយ័ត្នខ្ពស់ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពនេះ។

លោក វូ បានធ្វើសេចក្ដីអត្ថាធិប្បាយថា នេះគឺជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅក្រៅប្រទេស និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក។
អ្វីដែលអាមេរិក និងហ្វីលីពីន បានធ្វើបានបង្កឱ្យមានហានិភ័យនៃសង្គ្រាមយ៉ាងខ្លាំង ហើយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាបត្យកម្មសន្តិសុខ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ដោយការគូសបញ្ជាក់ ថា ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនេះ គឺជាអាវុធយុទ្ធសាស្ត្រ និងវាយលុកបានធ្វើឲ្យគេនឹកឃើញដល់សង្គ្រាមត្រជាក់ ។លោកនិយាយថា សហរដ្ឋអាមេរិកព្យាយាមបង្វិលកង់ប្រវត្តិសាស្ត្រ រុញឲ្យមានការប្រឈមដាក់គ្នា ពង្រឹងសម្ព័ន្ធភាពយោធា និងបិទផ្លូវលំហសន្តិសុខរបស់ប្រទេសផ្សេងៗ។ លោកបានបន្ថែមថា ចេតនានេះ នឹងបំបែកសមតុល្យយុទ្ធសាស្ត្រនៅក្នុងតំបន់ និងដុតបញ្ឆេះភាពតានតឹងថ្មី ៕