ក្រសួងបរិស្ថាន, អង្គការអុកស្វាម និងអង្គការដៃគូផ្សេងទៀត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានសហការរៀបចំកិច្ចសន្ទនាគោលនយោបាយជាតិស្តីពី «ការធានាសុវត្ថិភាព និងសុខភាពការងារ ក្នុងបរិបទប្រែប្រួលអាកាសធាតុសម្រាប់កម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារ» ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយក្នុងវិស័យទាំងនេះ។

លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម នៅក្រោយវេទិកានេះ មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា គោលបំណងកម្មវិធីនេះដើម្បីលើកកម្ពស់ការយល់ដឹង និងបង្កើតលម្ហរ សម្រាប់កិច្ចពិភាក្សាគោលនយោបាយ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ក្នុងចំណោមអ្នកឯកទេស អ្នកតាក់តែងគោលនយោបាយ តំណាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ រួមជាមួយនឹងតំណាងកម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហាររបស់កម្ពុជា។ ខណៈសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា បាននឹងកំពុងអភិវឌ្ឍជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តាមរយៈកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ឧស្សាហូបនីយកម្ម ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅផែនដី និងការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារការងារ។

នៅក្នុងពិធីបើកវេទិកាថ្ងៃនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ទាក់ទិនការងារនេះ គឺមានភាពចាំបាច់ណាស់ក្នុងការទាមទារការលើកកម្ពស់ការយល់ដឹង និងបង្កើតលំហសម្រាប់កិច្ចសន្ទនាគោលនយោបាយ។ ឯកឧត្តមបានបន្ថែមថា ការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករ-និយោជិត និងកសិករស្ត្រី ក្នុងវិស័យកសិ-អាហាររបស់កម្ពុជា នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងច្រើន។

យោងតាមការសិក្សាស្រាវជ្រាវជាសកលស្តីអំពី «ការធានាពីសុវត្ថិភាព និងសុខភាពការងារក្នុងបរិបទការប្រែប្រួលអាកាសធាតុ» ដោយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងឆ្នាំ២០២៤នេះបានបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងការជះឥទ្ធិពលអវិជ្ជមានទៅលើសុវត្ថិភាព និងសុខភាពការងារ របស់កម្មករដែលមានដូចជា៖ កម្ដៅថ្ងៃខ្លាំងពេក, ការបំពុលបរិយាកាសនៅកន្លែងធ្វើការ និងជំងឺឆ្លងដោយភ្នាក់ងារចម្លងជាដើម។ ការស្រាវជ្រាវនេះឱ្យដឹងថា កម្មករជាស្ត្រីអាចប្រឈមនឹងហានិភ័យច្រើនជាងមុន ដោយសារតួនាទី និងការងាររបស់ពួកគាត់ក្នុងវិស័យកសិកម្ម និងក្នុងវដ្តជីវិតផ្សេងៗទៀត រួមមានផលវិបាកនៃការមានផ្ទៃពោះ និងមាតុភាពមិនជោគជ័យ៕ អត្ថបទ ឈិត បូរ៉ាវី







