ប្រភពការទូតចំនួនបី បាននិយាយថា ប្រទេសបារាំង អាចនឹងបញ្ជូនគ្រូបណ្តុះបណ្តាលយោធា ទៅកាន់អ៊ុយក្រែន នាពេលឆាប់ៗនេះ បើទោះបីជាមានការព្រួយបារម្ភពីសម្ព័ន្ធមិត្ត និងការរិះគន់មួយចំនួនពីប្រទេសរុស្ស៊ីក៏ដោយ ហើយអាចនឹងប្រកាសពីការសម្រេចចិត្តរបស់ខ្លួន នៅសប្តាហ៍ក្រោយ អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន។

ក្រុមអ្នកការទូត បានអះអាងថា ទីក្រុងប៉ារីសសង្ឃឹមថា នឹងបង្កើត និងដឹកនាំប្រទេសចម្រុះដែលផ្តល់ជំនួយបែបនេះ ដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងគីវ ទោះបីជាដៃគូសហភាពអឺរ៉ុបមួយចំនួនរបស់ខ្លួន បារម្ភថា វាអាចបង្កើតជម្លោះផ្ទាល់ជាមួយរុស្ស៊ីក៏ដោយ។

អ្នកការទូតពីរនាក់ បានបន្តថា ជាដំបូង ប្រទេសបារាំង នឹងបញ្ជូនបុគ្គលិកចំនួនកំណត់ ដើម្បីវាយតម្លៃពីទម្រង់នៃបេសកកម្ម មុនពេលបញ្ជូនអ្នកបណ្តុះបណ្តាលរាប់រយនាក់ ទៅទីនោះ។
ពួកគេ បាននិយាយថា ការបណ្តុះបណ្តាល នឹងផ្តោតលើការដោះមីន រក្សាប្រតិបត្តិការឧបករណ៍ និងជំនាញបច្ចេកទេសសម្រាប់យន្តហោះចម្បាំង ដែលផ្តល់ដោយលោកខាងលិច។ ទីក្រុងប៉ារីស ក៏នឹងផ្តល់ហិរញ្ញប្បទាន អាវុធ និងបណ្តុះបណ្តាលកងពលតូចយានយន្តអ៊ុយក្រែនផងដែរ។
ប្រភពមួយ បាននិយាយថា៖ «ការរៀបចំ គឺជឿនលឿនខ្លាំងណាស់ ហើយយើងអាចរំពឹងថា នឹងមានអ្វីមួយនៅសប្តាហ៍ក្រោយ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី ( Volodymyr Zelenskiy) នឹងទៅដល់ប្រទេសបារាំងនៅថ្ងៃទី៦ ខែមិថុនា ដែលជាខួបលើកទី៨០នៃទិវាD-day នៅពេលដែលទាហានសម្ព័ន្ធមិត្ត បានចុះចតនៅ តំបន់ Normandy ដើម្បីបណ្តេញកងកម្លាំងណាហ្ស៊ីអាល្លឺម៉ង់ អំឡុងពេលសង្រ្គាមលោកលើកទី២។ លោក នឹងជួបពិភាក្សាជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅទីក្រុងប៉ារីស នៅថ្ងៃបន្ទាប់។