ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបញ្ចប់សំណើសម្រាប់ «វិធានការសងសឹក»ប្រឆាំងនឹងសហភាពអឺរ៉ុប ជុំវិញការហាមឃាត់របស់ប្លុកនេះ លើការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីចំនួន ៤ នៅលើទឹកដីរបស់ខ្លួន។

សហភាពអឺរ៉ុប បាននិយាយនៅដើមខែនេះថា ខ្លួនកំពុងផ្អាកការផ្សព្វផ្សាយនៃគេហទំព័រព័ត៌មាន Voice of Europe ទីភ្នាក់ងារសារព័ត៌មាន RIA Novosti និង កាសែត Izvestia និង កាសែត Rossiyskaya Gazeta។

ក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងធ្វើសកម្មភាពដោយសារតែប្រព័ន្ធផ្សព្វផ្សាយទាំងនេះ «មានសារៈសំខាន់ និងជាឧបករណ៍ក្នុងការនាំឲ្យរីកចម្រើនទៅមុខ និងគាំទ្រដល់សង្រ្គាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova ធ្លាប់បានព្រមានពីការឆ្លើយតបគួរឲ្យឈឺចាប់បំផុតចំពោះបម្រាមនេះ។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រី បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការឆ្លើយតប គឺស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំ ហើយនឹងត្រូវដាក់ស្នើសុំការអនុម័ត នៅប៉ុន្មានថ្ងៃខាងមុខនេះ។