ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយនៅថ្ងៃសុក្រ (៣១ ឧសភា) នេះថា ប្រទេសចិន មានវិធានការតបតដ៏ខ្លាំងក្លាបន្ថែមទៀត ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តបំពាន និងបង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសនេះលើបញ្ហាស្នូល ឬដាក់សម្ពាធលើការអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន។

ការលើកឡើងនេះបានមកពីការបង្ហោះរបស់គណនីផ្សព្វផ្សាយសង្គម យូយ័ន ថានធាន (Yuyuan Tantian) របស់ទូរទស្សន៍រដ្ឋចិន CCTV ដែលបានដកស្រង់ប្រភពរដ្ឋាភិបាលលើគោលនយោបាយការបរទេស។
សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានចោទប្រកាន់ថ្នាក់ដឹកនាំរបស់ប្រទេសចិន ថាបានគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយបានព្រមានថាទីក្រុងប៉េកាំង អាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមទៀតជាការឆ្លើយតបពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអង្គការណាតូ ផ្សេងទៀត។
ទំនាក់ទំនងសហរដ្ឋអាមេរិក និងចិន មានភាពតានតឹងយ៉ាងខ្លាំង បន្ទាប់ពីឧប្បត្តិហេតុ «បាឡុងចារកម្ម» និងកំណើនភាពតានតឹងជុំវិញកោះតៃវ៉ាន់ រួមជាមួយនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក នៅក្នុងសមុទ្រចិនខាងត្បូង ហើយបញ្ហាដំឡើងពន្ធ ដែលកំពុងធ្វើឱ្យទំនាក់ទំនងកាន់តែជូរចត់។ ប៉ុន្តែប្រធានាធិបតីនៃប្រទេសទាំងពីរ បានស្វះស្វែងរកការកសាងឡើងវិញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីជាសសរស្តម្ភសម្រាប់គ្រប់គ្រងការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចទាំងពីរនេះ៕
