ព្រៃវែង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទនិងទីក្រុង។
ជុំវិញការអភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ, ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើ ការស្ថាបនាជាពិសេសផ្លូវជនបទ ដោយក្នុងនោះបានបានគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុរួមមាន៖ ផ្លូវដីស ផ្លូវល្បាយ ក្រួស និងផ្លូវកៅស៊ូពីរជាន់ ឬក្រាលបេតុង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ, ចំណេញពេលវេលា, កាត់ បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈ។
ជាក់ស្តែងនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤ នេះ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជា ស្ថាពររយៈពេលធានាសុពលភាព ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួនពីរគម្រោង ដែលជាគម្រោងពហុឆ្នាំ ក្នុងនោះគម្រោង ទី១ មានប្រវែង ៥ ២០០ ម៉ែត្រ, ទទឹង ៦ ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលល្បាយខ្សាច់ភ្នំ ទទឹងម្ខាងៗ ០,៥ ម៉ែត្រ, សាងសង់លូមូល មុខមួយចំនួន ១ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ១ កន្លែង ។ ចំណែកគម្រោងមួយទៀត មានប្រវែង ៥ 000 ម៉ែត្រ, ទទឹង ៦ ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលល្បាយខ្សាច់ភ្នំ ទទឹងម្ខាងៗ ០,៥ ម៉ែត្រ, និងសាងសង់លូមូលមុខមួយចំនួន ១ កន្លែង ស្ថិតនៅភូមិពោធិ៍ថ្មី ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង, គម្រោងទាំងពីរនេះ ទទួលការអនុវត្តដោយ នាយកដ្ឋានស្ថាបនា និងវិស្វកម្មនៃអគ្គនាយក ដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំងពីរខ្សែនេះ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ ជនបទនិងទីប្រជុំជន។ ការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការវិនិយោគដ៍ចាំបាច់ ដើម្បីសម្រួល ដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស ដែលជាចំណែកដ៍សំខាន់ក្នុងការ លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីករបស់ប្រជាពលរដ្ឋនៅជនបទ៕
អត្ថបទ៖ សុន រ៉ាឌី







