
កងកម្លាំងអ៊ីស្រាអែល នៅថ្ងៃសុក្រនេះ បានវាយប្រហារលើគោលដៅនានា នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ដោយសាក្សីរាយការណ៍ពីការវាយឆ្មក់តាមអាកាសជុំវិញទីក្រុងរ៉ាហ្វាភាគខាងត្បូង ដែលជាការផ្តោតចុងក្រោយនៃសង្រ្គាមជិត ៨ខែហើយនោះ ។
អ៊ីស្រាអែល បានបើកការលុកលុយយោធារបស់ខ្លួន ចូលទៅក្នុងទីក្រុងរ៉ាហ្វា នៅដើមខែឧសភា បើទោះបីជាមានការជំទាស់ពីអន្តរជាតិជុំវិញសុវត្ថិភាពរបស់ជនស៊ីវិល ដែលស្នាក់នៅក្នុងទីក្រុង នៅតាមព្រំដែនហ្កាហ្សាជាមួយប្រទេសអេហ្ស៊ីបក៏ដោយ។
ការវាយប្រហារដែលបានបង្កឲ្យឆាបឆេះ និងសម្លាប់មនុស្សរាប់សិបនាក់ នៅក្នុងជំរំជនភៀសខ្លួន កាលពីចុងសប្តាហ៍ បាននាំឲ្យមានការថ្កោលទោសជាថ្មី។
សាក្សី បាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហាររបស់អ៊ីស្រាអែល បានត្រូវចាំតំបន់រ៉ាហ្វា ក៏ដូចជា ទីក្រុង Nuseirat នៃតំបន់ហ្កាហ្សាភាគកណ្តាល ហើយអ្នកយកព័ត៌មាន AFP បានរាយការណ៍ពីការវាយប្រហារយ៉ាងខ្លាំងក្លា នៅភាគខាងជើង។
ប្រភពសុខាភិបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Deir al-Balah និងជំរុំជនភៀសខ្លួន Nuseirat បានរាយការណ៍ថា ការវាយប្រហារលើទីតាំងពីរផ្សេងគ្នា បានសម្លាប់មនុស្សសរុប ១១នាក់ នៅពេលយប់។
យោធាអ៊ីស្រាអែល បាននិយាយថា កងទ័ពរបស់ខ្លួន «បន្តសកម្មភាពប្រតិបត្តិការ» នៅក្នុងតំបន់រ៉ាហ្វា ហើយបានរកឃើញគ្រាប់រ៉ុក្កែត អាវុធ និង «រូងក្រោមដី»នៅកណ្តាលទីក្រុងនេះ។