
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅថ្ងៃសុក្រ (ទី៣១ ខែឧសភា) នេះ បាននិយាយថា ផែនការរបស់អង្គការណាតូ (NATO) ក្នុងការចូលរួមកាន់តែច្រើនឡើងៗនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន គឺដូចទៅនឹងអ្នកពន្លត់អគ្គិភ័យដែលកំពុងព្យាយាមពន្លត់អណ្ដាតភ្លើងដោយឧបករណ៍បង្កចំហេះ។
គួរបញ្ជាក់ថា លោក Orban ដែលបានសាងទំនាក់ទំនងជាមួយទីក្រុងមូស្គូ មានជម្លោះជាមួយបណ្តាប្រទេសលោកខាងលិច ជុំវិញការគាំទ្រ ចំពោះប្រទេសអ៊ុយក្រែន ចាប់តាំងពីមានការលុកលុយពេញលេញរបស់រុស្ស៊ី កាលពីជាង ២ឆ្នាំមុន។
លោក Orban បាននិយាយថា អង្គការណាតូ «រំកិលកាន់តែកៀកនឹងសង្រ្គាម» រៀងរាល់សប្តាហ៍ ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់សម្ព័ន្ធភាពនេះ កំពុងជួបប្រជុំគ្នានៅទីក្រុង Prague សាធារណរដ្ឋឆែក ដើម្បីពិភាក្សាអំពីការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។
កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែឧសភា) ប្រធានអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា «ដល់ពេលវេលាហើយ» ដើម្បីឲ្យសមាជិកនៃសម្ព័ន្ធមិត្តយោធាពិចារណាឡើងវិញនូវការរឹតបន្តឹងមួយចំនួន ទាក់ទងនឹងការប្រើប្រាស់អាវុធដែលពួកគេបានផ្គត់ផ្គង់ឲ្យអ៊ុយក្រែន។
ទោះបីជាមេដឹកនាំអ៊ុយក្រែន បានជំរុញឲ្យបណ្ដារដ្ឋាភិបាលទាំងនោះបន្ធូរបន្ថយការរឹតបន្តឹងនេះក៏ដោយ ក៏ប្រទេសលោកខាងលិចហាក់ដូចជាមានការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងៗ នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជុំវិញថា តើគួរអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារគោលដៅលើដែនដីរុស្ស៊ីដែរ ឬអត់។
រដ្ឋមន្ត្រីការបរទេសហុងគ្រី បាននិយាយនៅដើមខែនេះថា ប្រទេសរបស់លោកដែលជាសមាជិកអង្គការណាតូមួយដែរនោះ នឹងមិនចូលរួមក្នុងផែនការរយៈពេលវែងរបស់សម្ព័ន្ធភាព ក្នុងការផ្ដល់ជំនួយដល់អ៊ុយក្រែន ដែលទីក្រុង Budapest បានហៅថា ជា «បេសកកម្មគ្មានការពិចារណា»៕