
ប្រជាពលរដ្ឋយេម៉ែនរស់នៅក្នុងទីក្រុង Sanaa និយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហារកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក និងអង់គ្លេសលើខេត្ត Hodeidah នឹងមិនធ្វើឲ្យពួកគេតក់ស្លុតនោះឡើយ ។
ទូរទស្សន៍ Al-Masirah របស់ក្រុមឧទ្ទាមហ៊ូទី រាយការណ៍នៅថ្ងៃសុក្រនេះថា មនុស្ស ១៦នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៣៥នាក់ផ្សេងទៀត បានរងរបួស ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអង់គ្លេសលើខេត្ត Hodeidah របស់យេម៉ែន ។
ទូរទស្សន៍ al-Masirah រាយការណ៍ទៀតថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារតាមអាកាសចំនួន ៦លើក ទៅលើរដ្ឋធានី Sanaa កាលពីយប់ថ្ងៃព្រហស្បតិ៍។
ដោយឡែក សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ការវាយប្រហារទាំងនេះ មានគោលដៅលើអគារស្ថានីយ៍វិទ្យុ ស្ថិតក្នុងស្រុក Al-Hawk ខេត្ត Hodeidah និងកំពង់ផែ Salif ។
គួរឲ្យដឹងថា កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមឧទ្ទាមហ៊ូទីដែលគ្រប់គ្រងទីក្រុង Sanaa បានចាប់ផ្តើមបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា និងយានដ្រូន ដែលដាក់គោលដៅលើនាវាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ។
ជាការឆ្លើយតបនឹងទង្វើបែបនេះ កងកម្លាំងចម្រុះដឹកនាំដោយអាមេរិក និងអង់គ្លេស ដែលមានមូលដ្ឋាននៅលើដែនទឹកនោះ បានវាយឆ្មក់តាមអាកាស និងបានវាយប្រហារដោយមីស៊ីល ទៅលើគោលដៅរបស់ក្រុមហ៊ូ ចាប់តាំងពីខែកុម្ភៈរហូតមក ៕