
ទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិ(UN) បាននិយាយនៅថ្ងៃសុក្រនេះថា ពលរដ្ឋស៊ូដង់រាប់លាននាក់ ស្ថិតក្នុងហានិភ័យនៃគ្រោះទុរ្ភិក្សជិតមកដល់ រយៈពេលជាង ១ឆ្នាំនៃសង្រ្គាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF)។
យោងតាមសេចក្តីថ្លែងការណ៍រួម ដោយក្រុមប្រធានទីភ្នាក់ងារ UN រួមទាំងលោក Volker Turk ដែលជាឧត្តមស្នងការសិទ្ធិមនុស្ស UN បានឲ្យដឹងថា ប្រជាពលរដ្ឋប្រហែល ១៨លាននាក់ ស្ថិតក្នុងភាពអត់ឃ្លានធ្ងន់ធ្ងររួចទៅហើយ រួមទាំងកុមារ ៣,៦លាននាក់ ដែលជួបកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ។
លោក Jens Laerke គឺជាអ្នកនាំពាក្យការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ UN និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ពេលវេលាលែងមានហើយសម្រាប់មនុស្សរាប់លាននាក់ រួមទាំងកុមារ ៣,៦លាននាក់ដែលជួបកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនោះ កំពុងស្ថិតនៅក្នុងហានិភ័យនៃគ្រោះទុរ្ភិក្ស ។
សូមបញ្ជាក់ថា សង្រ្គាម បានផ្ទុះឡើងនៅក្នុងរដ្ឋធានី Khartoum កាលពីខែមេសា ឆ្នាំ ២០២៣ ហើយនិងបានរីករាលដាលទូទាំងប្រទេស ធ្វើឲ្យមានការបង្ហូរឈាមគ្នានៅតំបន់ភាគខាងលិច Darfur និងបង្ខំឲ្យមនុស្សរាប់លាននាក់រត់ភៀសខ្លួននៅក្នុងវិបត្តិជម្លៀសខ្លួនធំបំផុតរបស់ពិភពលោក ៕