
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅខែមិថុនា និងបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណាត្តិទី៤ ឆ្នាំ ២០២៤ នៅមន្ទីរគណបក្សខេត្ត, នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ។
កិច្ចប្រជុំបូកលទ្ធផលការងារខាងលើនេះ មានការអញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ ជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបប្រជុំជាមួយក្រុមការងារដើម្បីបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅការងារបន្ត ជាពិសេសបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណាត្តិទី៤ ឆ្នាំ២០២៤។ ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាជិកា សមាជិកា គណបក្សប្រជាជនជនកម្ពុជា អង្គបោះឆ្នោត ដែលបានពុះពារប្រឹងប្រែងរួមគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណាត្តិទី៤ ឆ្នាំ២០២៤។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ឯកឧត្តមបានធ្វើការបូកសរុបលទ្ធផលកិច្ចប្រជុំ និងចែករំលែកនូវមតិផ្ទាល់ខ្លួន ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំ។ ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកា ថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងសូមអោយគណៈបញ្ជាការ យកចិត្តទុកដាក់ និងបន្តអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីថែរក្សាសុខសុវត្ថិភាព ជូនប្រជាជន។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសមាជិក សមាជិកា ប្រឹងប្រែងផ្សព្វផ្សាយនូវគុណតម្លៃនៃសុខសន្តិភាព ដោយផ្សាភ្ជាប់នូវទស្សនៈប្រវត្តិសាស្រ្ត ដែលយើងទំាងអស់គ្នា ត្រូវរំលឹក និងមិនគួរបំភ្លេចនូវសោកនាដកម្មដែលធ្លាប់កើតមានឡើងឡើយ៕ អត្ថបទ រដ្ឋា






