
ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក រីឆាត ម៉ាលេស (Richard Marles) បាននិយាយនៅថ្ងៃអាទិត្យ (០២ មិថុនា) នេះនៅឯកិច្ចប្រជុំកំពូលសន្តិសុខ សាំងគ្រីឡា (Shangri-La) ថា ប្រទេសអូស្ត្រាលី បានស្នើឱ្យមានកិច្ចពិភាក្សាផ្នែកយោធាជាមួយប្រទេសចិន ខណៈដែលខ្លួនក៏កំពុងតែបង្កើនភាពជិតស្និទ្ធជាមួយហ្វីលីពីន។
ប្រទេសចិន និងហ្វីលីពីន ត្រូវបានជាប់គាំងក្នុងការប្រឈមមុខដាក់គ្នានៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះ ហើយការប៉ះទង្គិចគ្នារបស់ពួកគេកាន់តែតានតឹងឡើង នៅពេលដែលទីក្រុងប៉េកាំង ដាក់សម្ពាធលើការទាមទាររបស់ខ្លួនចំពោះដែនទឹក ដែលទីក្រុងម៉ានីល និយាយថាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ អូស្ត្រាលី បានបង្កើនវត្តមានរបស់ខ្លួនក្នុងតំបន់ ហើយសមយុទ្ធរួមគ្នាជាមួយហ្វីលីពីននៅកោះ ប៉ាឡាវ៉ាន់ (Palawan) កាលពីខែសីហា គឺជាសមយុទ្ធដ៏ធំបំផុតរបស់អូស្ត្រាលី នៅក្រៅព្រំដែនរបស់ខ្លួនកាលពីឆ្នាំមុន។
អូស្ត្រាលី ក៏បាននិយាយផងដែរថា ការប្រឈមមុខដាក់គ្នានាពេលថ្មីៗនេះជាមួយយោធារបស់ចិន ជាបញ្ហាដ៏គ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ ហើយលោក ម៉ាលេស បាននិយាយថាលោកបានពិភាក្សាបញ្ហានេះជាមួយប្រមុខការពារជាតិចិន លោក តុង ជុន (Dong Jun) នៅក្រៅសន្និសីទកាលពីថ្ងៃសៅរ៍។
ក្រុមមន្ត្រីការពារជាតិចិន បានជួបសមភាគីអូស្ត្រាលី នៅទីក្រុងកង់បេរ៉ា កាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំផ្លូវការលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១៩ មក។ ចាប់តាំងពីពេលនោះមក អូស្ត្រាលី បានត្អូញត្អែរពីការប្រឈមមុខយ៉ាងជិតស្និទ្ធជាមួយយន្តហោះរបស់ចិន នៅលើសមុទ្រលឿង និងការដាក់ពង្រាយប្រព័ន្ធរាវរកសំឡេង ប៉ុន្តែចិន បានបដិសេធការចោទប្រកាន់ទាំងនោះ៕