ប្រភពសន្តិសុខអេហ្ស៊ីប ចំនួនពីរបាននិយាយថា ក្រុមមន្ត្រីមកពីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអេហ្ស៊ីប បានបញ្ចប់កិច្ចប្រជុំនៅទីក្រុងគែរ កាលពីថ្ងៃអាទិត្យ (០២ មិថុនា) ដោយអេហ្ស៊ីប ប្រកាន់ជំហររបស់ខ្លួនថា អ៊ីស្រាអែល ត្រូវតែដកទ័ពចេញពីច្រកឆ្លងកាត់ រ៉ាហ្វា (Rafah) ខាងផ្នែកប៉ាឡេស្ទីន ដើម្បីច្រកនេះដំណើរការម្តងទៀត។

អ៊ីស្រាអែល បានឡោមព័ទ្ធច្រកឆ្លងកាត់មួយនេះនៅផ្នែកខាងតំបន់ហ្កាហ្សា កាលខែឧសភា ក្នុងអំឡុងពេលវាយលុករបស់ខ្លួននៅក្នុងទីក្រុង រ៉ាហ្វា តាមបណ្តោយចុងខាងត្បូងនៃតំបន់នេះ ដោយធ្វើឱ្យអេហ្ស៊ីបខឹងសម្បារយ៉ាងខ្លាំង ដោយនិយាយថា ខ្លួននឹងបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល នៅលើសរសៃឈាមដ៏សំខាន់សម្រាប់ជំនួយចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ និងការជម្លៀសមនុស្សចេញពីតំបន់នេះ។

ប្រភពសន្តិសុខអេហ្ស៊ីប បាននិយាយថា កិច្ចប្រជុំកាលពីថ្ងៃអាទិត្យ មានភាពវិជ្ជមាន ទោះបីជាមិនមានកិច្ចព្រមព្រៀងស្តីពីការបើកច្រកឆ្លងកាត់ឡើងវិញក៏ដោយ។ គណៈប្រតិភូអេហ្ស៊ីប នៅក្នុងកិច្ចប្រជុំបាននិយាយថា ខ្លួននឹងបើកចំហសម្រាប់អ្នកឃ្លាំមើលអឺរ៉ុបនៅតាមព្រំដែន ដើម្បីត្រួតពិនិត្យប្រតិបត្តិការជំនួយដោយអាជ្ញាធរប៉ាឡេស្ទីន ប្រសិនបើប៉ាឡេស្ទីន យល់ព្រមបន្តការងារ។
ភាពតានតឹងបានកើនឡើងរវាងអេហ្ស៊ីប និងអ៊ីស្រាអែល ជុំវិញការដណ្តើមយកព្រំដែនភាគខាងត្បូង ដែលអ៊ីស្រាអែល បាននិយាយថាត្រូវបានបញ្ចប់ កាលពីថ្ងៃពុធសប្ដាហ៍មុន។ ខណៈពេលដែលអេហ្ស៊ីប បានសម្របសម្រួលជំនួយចូលតាមរយៈច្រក កេរឹម ស្ហាលូម (Kerem Shalom) កាលពីសប្តាហ៍មុន ការបើកឡើងវិញនៃច្រក រ៉ាហ្វា គឺមានសារៈសំខាន់ណាស់ ខណៈភ្នាក់ងារមនុស្សធម៌បានព្រមានពីគ្រោះទុរ្ភិក្សនៅក្នុងតំបន់នេះ៕
