
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅជុំវិញទីក្រុងអាឡិបប៉ូរបស់ប្រទេសស៊ីរី បានសម្លាប់មនុស្សជាច្រើននាក់ នៅព្រឹកថ្ងៃចន្ទនេះ។
ទីភ្នាក់ងារសារព័ត៌មាន SANA គ្រប់គ្រងដោយរដ្ឋ មិនបានផ្តល់ចំនួនជាក់លាក់ណាមួយឡើយ។ សារព័ត៌មាននេះ បាននិយាយថា ការវាយប្រហារនោះ ត្រូវបានធ្វើឡើង នៅជុំវិញជាយភាគអាគ្នេយ៍នៃទីក្រុងអាឡិបប៉ូ។
“សារព័ត៌មាន SANA បាននិយាយថា៖ «ការឈ្លានពាននេះ បាននាំឲ្យមានជនរងគ្រោះជាច្រើន និងការបាត់បង់សម្ភារៈមួយចំនួន»។
អ៊ីស្រាអែល មិនបានទទួលស្គាល់ភ្លាមៗចំពោះការវាយប្រហារនោះទេ ហើយកម្រនឹងធ្វើណាស់ ពេលនិយាយដល់ស៊ីរី។
ប្រទេសស៊ីរី និងអ៊ីស្រាអែល មានសង្រ្គាម ចាប់តាំងពីការបង្កើតរបស់អ៊ីស្រាអែល ក្នុងឆ្នាំ ១៩៤៨។ ប្រធានាធិបតីស៊ីរីលោក Bashar Assad ត្រូវបានគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងសង្រ្គាមដ៏យូរឆ្នាំរបស់ប្រទេសរបស់ខ្លួន ហើយការវាយប្រហាររបស់អ៊ីស្រាអែលពីមុន បានកំណត់គោលដៅលើទីតាំងឈរជើង និងឧបករណ៍របស់អ៊ីរ៉ង់។
ការវាយប្រហារនោះ ក៏កើតមានក្នុងពេលដែលអ៊ីស្រាអែល កំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ ដោយឡែក អ៊ីស្រាអែល បានកំពុងវាយប្រហារគោលដៅ ក្នុងប្រទេសលីបង់ ព្រមទាំងក្រុមហេសបូឡា បន្តបាញ់ឆ្លងដែនចូលក្នុងប្រទេសនេះ។