ប្រភពព័ត៌មានពីសន្តិសុខ បាននិយាយថា ក្រុមអ្នកតវ៉ា រាប់សិបនាក់កាលពីល្ងាចថ្ងៃច័ន្ទ បានសម្រុកចូលភោជនីយដ្ឋានចំនួនពីរកន្លែងរបស់អាមេរិក នៅក្នុងរដ្ឋធានី Baghdad ប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យមានការខូចខាត។ ប្រភពព័ត៌មានពីក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បាននិយាយថា ក្រុមបាតុករ មានកំហឹង បានសម្រុកចូលភោជនីយដ្ឋាន KFC ភាគខាងកើតទីក្រុង Baghdad មុនពេលត្រូវបានបំបែកដោយកងកម្លាំងសន្តិសុខ ដែលបានបាញ់គ្រាប់កាំភ្លើងទៅលើអាកាស។

ប្រភពព័ត៌មានដដែលបាននិយាយថា ជាមួយគ្នានេះ ភោជនីយដ្ឋាន Chili House និង Lee ក្នុងសង្កាត់ ចាទ្រីយ៉ា(Jadriya) ក៏ត្រូវបានវាយប្រហារផងដែរ ដោយតុ និងកៅអី ត្រូវបានក្រុមបាតុករវាយបំផ្លាញ។
ប្រភពបាននិយាយបន្ថែមថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានពង្រឹងការដាក់ពង្រាយរបស់ខ្លួននៅក្នុងសង្កាត់ទាំងពីរ ហើយស្ថានការណ៍បានស្ថិតក្រោមការគ្រប់គ្រង។
ឧបទ្ទវហេតុ បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការវាយប្រហារស្រដៀងគ្នានេះ ដាក់គោលដៅទៅលើ ភោជនីយដ្ឋាន KFC និងChili House និង Lee's ព្រមទាំងសាខារបស់ក្រុមហ៊ុនអាមេរិក និងអង់គ្លេសនៅទីក្រុងបាដាដ។
ការទទួលខុសត្រូវចំពោះការវាយប្រហារ នៅតែមិនទាន់ត្រូវបានអះអាងនៅឡើយ។ ទោះជាយ៉ាងណា ក្រុមអ្នកសង្កេតការណ៍ក្នុងស្រុក បាននិយាយពីការជាប់ពាក់ព័ន្ធទៅនឹងជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា ដោយបានសន្និដ្ឋានថា ក្រុមហ៊ុនគោលដៅអាចត្រូវបានគេមើលឃើញថា តំណាងឱ្យប្រទេសដែលគេយល់ថា គាំទ្រអ៊ីស្រាអែល។
