
ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ នៅក្នុងរដ្ឋបាលរបស់លោក Fumio Kishida សារព័ត៌មាន Asahi Shimbun (Asahi) បានរាយការណ៍ នៅថ្ងៃអង្គារ (ទី៤ ខែមិថុនា) នេះថា លោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ កំពុងរៀបចំកិច្ចការចុងក្រោយ ដែលនឹងមិនអំពាវនាវឲ្យមានការបោះឆ្នោតមុនអាណត្តិ អំឡុងសម័យប្រជុំសភាបច្ចុប្បន្ន ដែលត្រូវបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនានេះ។
សារព័ត៌មានរបស់ជប៉ុនមួយនេះ បានឲ្យដឹងថា លោក Kishida បានបោះបង់ចោលនូវសេណារីយោ ដែលបានគ្រោងទុកពីមុន ដើម្បីឲ្យមានបោះឆ្នោតមុនអាណត្តិមួយ នៅមុនការប្រជែងតំណែងមេដឹកនាំរបស់គណបក្សកាន់អំណាច នាខែកញ្ញា ដែលទទួលបានការវាយតម្លៃទាប ដោយសារតែរឿងអាស្រូវថវិកាថ្មីៗ នៅក្នុងគណបក្សរបស់លោក។
គួរបញ្ជាក់ថា ការគាំទ្រសម្រាប់រដ្ឋបាលរបស់លោក បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោក Kishida ចូលកាន់តំណែង ក្នុងឆ្នាំ២០២១ បន្ទាប់ពីមានរបាយការណ៍លេចឡើង ក្នុងខែធ្នូ ឆ្នាំ ២០២៣ ដែលថា ក្រុមមួយចំនួនរបស់គណបក្សប្រជាធិបតេយ្យសេរី បានខកខានក្នុងការរាយការណ៍ពីព្រឹត្តិការណ៍រៃអង្គាសថវិការាប់រយលានយ៉េន។
សារព័ត៌មាន Asahi បានរាយការណ៍ថា ជាមួយនឹងការចាញ់ការបោះឆ្នោត នាពេលថ្មីៗនេះ សមាជិកសភាប្លុកកាន់អំណាច បានប្រឆាំងកាន់តែខ្លាំងឡើងៗ ចំពោះការឲ្យមានការបោះឆ្នោតមុនអាណត្តិ ហើយលោក Kishida បានកំណត់ផ្តោតលើការកសាងរដ្ឋបាលរបស់ខ្លួនឡើងវិញ ដោយមិនពន្យារពេលសម័យប្រជុំសភាបច្ចុប្បន្ននេះទេ៕