មន្ត្រីជាន់ខ្ពស់មកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះបាននិយាយកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា ក្រុមហាម៉ាស មិនអាចយល់ព្រមលើកិច្ចព្រមព្រៀងណាមួយបានទេ លុះត្រាតែអ៊ីស្រាអែល ធ្វើការប្តេជ្ញាចិត្ត «ច្បាស់លាស់» ចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកទ័ពទាំងស្រុងចេញពីតំបន់ហ្កាហ្សាស្ទ្រីប។

ប្រទេសកាតា ដែលរួមជាមួយនឹងសហរដ្ឋអាមេរិក និងអេហ្ស៊ីប បាននិងកំពុងសម្របសម្រួលកិច្ចចរចារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ក៏បានជំរុញឱ្យអ៊ីស្រាអែល ផ្តល់ជំហរច្បាស់លាស់ដែលមានការគាំទ្រពីរដ្ឋាភិបាលទាំងមូលរបស់ខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។

លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានបង្ហាញនូវសំណើបីដំណាក់កាល ដែលដំណាក់កាលដំបូងរួមមានបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ នៅពេលដែលកងកម្លាំងអ៊ីស្រាអែលនឹងដកខ្លួនចេញពី «ផ្នែកដែលមានប្រជាជនរស់នៅទាំងអស់» នៃតំបន់ហ្កាហ្សា និងដោះលែងចំណាប់ថ្នូរមួយចំនួន រួមទាំងមនុស្សចាស់ និងស្ត្រីផងដែរ នៅក្នុងផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។

លោក អូសាម៉ា ហានដាន (Osama Hamdan) មន្ត្រីក្រុមហាម៉ាស បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា «អ៊ីស្រាអែលគ្រាន់តែចង់បានដំណាក់កាលមួយដែលចំណាប់ថ្នូរទាំងអស់ត្រូវបានដោះលែង ហើយបន្ទាប់មកប្រទេសនេះនឹងបន្តការឈ្លានពាន និងធ្វើសង្រ្គាមលើប្រជាជន»។ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ ថា ប្រសិនបើក្រុមហាម៉ាស ទទួលយកផែនការដែលបានស្នើឡើងនោះ នោះគេរំពឹងថាអ៊ីស្រាអែល ក៏នឹងធ្វើទទួលយកដូចគ្នា៕