លោក Donald Trump កាលពីថ្ងៃអង្គារ បានស្នើសុំចៅក្រមដែលពិនិត្យការជម្រះក្តីបទព្រហ្មទណ្ឌរបស់លោក លើការចោទប្រកាន់ដែលផ្តើមចេញពីការបង់ប្រាក់បំបិទមាត់ទៅឱ្យតារាភាពយន្តអាសអាភាស ដើម្បីដកដីកាហាមប្រាមលើសំណុំរឿងដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ត្រូវបានកាត់ទោស កាលពីសប្តាហ៍មុន។

មុនពេលការជម្រះក្តី ដែលបានចាប់ផ្តើមនៅក្នុងខែមេសា ចៅក្រម លោក Juan Merchan បានរឹតត្បិតការថ្លែងជាសាធារណៈរបស់លោក Trump អំពីចៅក្រម សាក្សី និងអ្នកផ្សេងទៀត ដែលពាក់ព័ន្ធទៅនឹងសំណុំរឿង។ រដ្ឋអាជ្ញា បានអះអាងថា ប្រវត្តិរបស់លោក Trump ក្នុងការធ្វើសេចក្តីថ្លែងការណ៍គម្រាមកំហែង បានបង្ហាញថា លោកអាចបង្អាក់ដំណើរការនីតិវិធីក្នុងសំណុំរឿង លុះត្រាតែចៅក្រមមានចំណាត់ការ។
មេធាវីការពារក្តី លោក Todd Blanche បានសរសេរនៅក្នុងលិខិតមួយចុះថ្ងៃទី ៣ ខែមិថុនា ថា នៅពេលនេះ ការជម្រះក្តីបានបញ្ចប់ហើយ ការព្រួយបារម្ភដែលលើកឡើងដោយរដ្ឋាភិបាល និងតុលាការពុំបានបង្ហាញអំពីភាពត្រឹមត្រូវនៃការរឹតត្បិតដែលនៅបន្ត លើសិទ្ធិធ្វើវិសោធនកម្មដំបូងរបស់អតីតប្រធានាធិបតី Donald Trump។
គណៈវិនិច្ឆ័យនៅ ទីក្រុង Manhattan កាលពីសប្តាហ៍មុនបានរកឃើញថាលោក Trump មានពិរុទ្ធលើបទចោទប្រកាន់ចំនួន៣៤ករណី ដែលលោកបានប្រឈមមុខទៅនឹងការក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ចំនួន ១៣០.០០០ដុល្លារអាមេរិក ដែលអតីតមេធាវីរបស់លោក គឺលោក Michael Cohen បានបង់ទៅឱ្យតារាភាពយន្តអាសអាភាស នាង Stormy Daniels មុនពេលការបោះឆ្នោតឆ្នាំ ២០១៦ ដើម្បីឲ្យនាងរក្សាភាពស្ងៀមស្ងាត់ អំពីការជួបទំនាក់ទំនងផ្លូវភេទ ដែលនាងនិយាយថាមានជាមួយលោក Trump។
លោក Trump ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ បានបដិសេធចំពោះទំនាក់ទំនងផ្លូវភេទជាមួយនាង Daniels ហើយបានប្តេជ្ញាប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះ។ ជារឿយៗលោកបានហៅដីកាហាមប្រាមនេះថា ជាការរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់លោកដោយពុំសមស្របទៅតាមរដ្ឋធម្មនុញ្ញ។