
និយតករប្រឆាំងការទុកចិត្ត AGCM របស់ប្រទេសអ៊ីតាលី នៅថ្ងៃពុធ (ទី៥ ខែមិថុនា) នេះ បាននិយាយថា ស្ថាប័ន បានពិន័យម្ចាស់បណ្ដាញសង្គម Facebook និង Instagram គឺក្រុមហ៊ុន Meta នូវទឹកប្រាក់ចំនួន ៣,៥លានអឺរ៉ូ (៣,៨លានដុល្លារ) ពាក់ព័ន្ធនឹងអ្វីដែលខ្លួនហៅថា ការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។
AGCM បានប្រាប់ថា ខ្លួនបានរកឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គម Instagram មិនត្រូវបានជូនដំណឹងឲ្យបានត្រឹមត្រូវ អំពីការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេនោះឡើយ សម្រាប់គោលបំណងពាណិជ្ជកម្ម។
ជាមួយគ្នានេះ ទីភ្នាក់ងារនេះក៏បាននិយាយដែរថា អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook និង Instagram មិនត្រូវបានផ្តល់ព័ត៌មានសមរម្យ អំពីរបៀបដែលពួកគេអាចប្រកួតប្រជែងនឹងការផ្អាកគណនីរបស់ពួកគេជាយថាហេតុនោះទេ។
តែយ៉ាងណាក្ដី និយតកររបស់ប្រទេសអ៊ីតាលីមួយនេះ បាននិយាយថា ក្រុមហ៊ុន Meta បានបញ្ចប់ការអនុវត្តដ៏ចម្រូងសម្រាសនេះរួចហើយ៕