
ក្រសួងការពារជាតិទួរគី និយាយថា យន្តហោះហ្វឹកហាត់យោធាទួរគីមួយគ្រឿង បានធ្លាក់នៅខេត្តភាគកណ្តាល Kayseri កាលពីថ្ងៃអង្គារ ដោយបានសម្លាប់ទាហាន ២នាក់ ។
នៅក្នុងវីដេអូបញ្ចេញពីកន្លែងធ្លាក់យន្តហោះ ឃើញយន្តហោះរងការឆាបឆេះ ក្នុងនោះក្រុមសេវាកម្មសង្រ្គោះបន្ទាន់ កំពុងព្យាយាមពន្លត់ភ្លើង ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងធ្លាក់យន្តហោះ ពីវាល និងភ្នំនៅតំបន់នោះ ។
សេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិទួរគី និងសារព័ត៌មានក្នុងស្រុក បានបញ្ជាក់ផងដែរពីឧបទ្ទេវហេតុធ្លាក់យន្តហោះយោធាកាលពីថ្ងៃអង្គារ ។
យន្តហោះហ្វឹកហាត់នេះដែរ បានហោះចេញពីមូលដ្ឋានទ័ពអាកាសស្ថិតក្នុងខេត្ត Kayseri ដោយមានពីឡុត ២នាក់នៅលើយន្តហោះ ។ ដោយឡែក មូលហេតុដែលបណ្តាលឲ្យយន្តហោះធ្លាក់ នៅពុំទាន់ដឹងភ្លាមៗនោះទេ ៕