
ប្រទេសកាតា បាននិយាយកាលពីថ្ងៃអង្គារថា ទាំងរដ្ឋាភិបាលអ៊ីស្រាអែល និងចលនាហាម៉ាសឥស្លាមប៉ាឡេស្ទីន មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ច្បាស់លាស់អំពីផែនការដែលបានប្រកាសដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សានោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed al-Ansari បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារថា៖«យើងមិនទាន់ឃើញជំហរច្បាស់លាស់ពីរដ្ឋាភិបាលអ៊ីស្រាអែលលើគោលការណ៍ដែលបានបញ្ជាក់ដោយលោក បៃដិនទេ»។
«សេចក្តីថ្លែងការណ៍ផ្ទុយពីរដ្ឋមន្ត្រីអ៊ីស្រាអែល» មិនបានធ្វើឲ្យរដ្ឋឈូងសមុទ្រមានទំនុកចិត្តយ៉ាងខ្លាំងអំពីថាតើមានជំហរបង្រួបបង្រួម នៅក្នុងអ៊ីស្រាអែលលើសំណើបច្ចុប្បន្ននេះដែរឬយ៉ាងណា។
ប្រទេសកាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីប បានធ្វើការសម្រុះសម្រួលគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីសម្រេចបានបទឈប់បាញ់ និងការដោះដូរចំណាប់ថ្នូរសម្រាប់អ្នកទោសប៉ាឡេស្ទីន។
ប្រភពពីក្រុមហាម៉ាសនៅក្នុងរដ្ឋធានីបេរូតនៃប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហាម៉ាស នឹងប្រកាសពីការឆ្លើយតបរបស់ខ្លួនចំពោះផែនការដែលបានដាក់ចេញដោយលោក បៃដិន «ក្នុងរយៈពេលប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃខាងមុខនេះ»។